ព្រឹត្តិការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣” ប្រារព្វធ្វើនៅទីក្រុងសៀកមិន ខេត្តហ្វូចៀនរបស់ប្រទេសចិន

ចិន៖ ព្រឹត្តិការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣” បានប្រារព្វធ្វើ នៅទីក្រុងសៀកមិន ខេត្តហ្វូចៀន សាធារណៈរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណង លើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាង ប្រទេសទាំង២ កម្ពុជាចិន ជាពិសេសលើវិស័យភាពយន្ត។
ព្រឹត្តិការណ៍នេះសហការរៀបចំដោយ រដ្ឋបាលសង្កាត់ ហ៊ូលី ទីក្រុងសៀមិន គណៈកម្មការរៀបចំមហោស្រពភាពយន្តអាសុីកម្ពុជា និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ដោយមានការគាំទ្រដោយ ការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀន ការិយាល័យភាពយន្តទីក្រុងសៀកមិន និងសាលាភាពយន្តនៃសាកលវិទ្យាល័យសៀកមិន។
នៅក្នុងព្រឹត្តការណ៍រយ:ពេល០២ថ្ងៃនេះ ភាពយន្តកម្ពុជា៤ចំណងជើង ត្រូវបានចាក់បញ្ចាំងជាសាធារណៈ តាមរោងភាពយន្តនានានៅទីក្រុងសៀកមិន ព្រមទាំងមានការរៀបចំតាំងពិព័ណ៌វត្ថុសិល្បៈខ្មែរផងដែរ។ ជាមួយនេះ គណ:ប្រតិភូក៏ធ្វើទស្សនកិច្ចនៅសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន និងបានកម្មវិធីកិច្ចពិភាក្សាស្តីពីឱកាស និងបញ្ហាប្រឈម នៃការធ្វើសហផលិតកម្ម, ការរីកចម្រើននៃការសម្តែងភាពយន្តផងដែរ។
ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ដែលបានចូលរួមព្រឹត្តិការណ៍ខាងលើនេះ និង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការរៀបចំសប្តាហ៍ផ្លាស់ប្តូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិននៅទីក្រុង Xiamen នាពេលនេះ គឺជាព្រឹត្តការណ៍ ដ៏សំខាន់ មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាង ប្រទេសទាំង២ កម្ពុជាចិន ជាពិសេសលើវិស័យភាពយន្ត ។
ឯកឧត្តម បន្ថែម ថា ព្រឹត្តិការណ៍នេះ ក៏ ជាឱកាសសម្រាប់អ្នកដឹកនាំ រឿង ផលិតករ និង អ្នកដែលមាន អាជីពក្នុងវិស័យភាពយន្តឲ្យខិតខំចាប់ដៃគ្នា បង្កើតឪកាសវិនិយោគលើវិស័យភាពយន្ត បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការផលិត ភាពយន្ត ពិសេសរួមគ្នា ផលិតខ្សែភាពយន្ត ដើម្បីជាផលប្រយោជន៍របស់ភាគីទាំងសងខាង រួមចំណែកក្នុងការបង្កើនការយល់ ដឹងរវាងប្រជាជននិងប្រជាជន និងជាផ្នែក មួយជួយពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន” គឺក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងទ្វេភាគី ពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជននៅទីក្រុង Xiamen ស្របពេល ដែលប្រទេស យើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃ ទំនាក់ទំនង ការទូត នាឆ្នាំ២០២៣នេះ៕