ស្ថានទូតខ្មែរ និងសហគមន៍ខ្មែរនៅប្រទេសជប៉ុនរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយក្រុមការងារ ESEA និងសហគមន៍ខ្មែរ កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ដែលប្រព្រឹត្តទៅនៅតំបន់ Fujisawa ខេត្ត Kanagawa ចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់។ នេះបើតាមស្ថានទូខ្មែរប្រចាំនៅប្រទេសជប៉ុននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ។
ស្ថានទូតខ្មែរតែងរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមខ្មែរក្នុងប្រទេសជប៉ុនក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនឱ្យបន្តចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ។
មួយវិញទៀតការរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំណែនាំដល់កូនខ្មែរជំនាន់ក្រោយឱ្យកាន់តែជ្រួតជ្រាបពីអត្ថន័យនៃការដាល់អំបុករបស់កម្ពុជាយើង ជាពិសេសបង្កើតជាទីកន្លែងជួបជុំដល់សហគមខ្មែរបានជួបសំណេះសំណាល និងទទួលទានអាហាររួមគ្នាក្នុងគោលដៅបំផុសវប្បធម៌ចែករំលែក និងសាមគ្គីភាពឱ្យកាន់តែស្អិតរមួតនៅក្នុងមហាគ្រួសារខ្មែរក្នុងប្រទេសជប៉ុន។
ក្រៅពីកម្មវិធីខាងលើ ស្ថានទូតក៏គ្រោងរៀបចំកម្មវិធីផ្សេងៗ ដោយចូលរួមពីសំណាក់សហគមន៍ខ្មែរក្នុងប្រទេសជប៉ុន ដើម្បីលើកកម្ពស់ និងបំផុសស្មារតីចូលរួមវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងផ្សព្វផ្សាយដល់ប្រជាជនជប៉ុនអោយកាន់តែទូលំទូលាយ។
ប្រជាជនជប៉ុនក៏បានចូលរួមកម្មវិធីនេះ និងទទួលទានអាហារជាមួយបងប្អូនសហគមន៍ខ្មែរ និងបង្ហាញពីរបៀបធ្វើនំរបស់ជនជាតិជប៉ុនដល់អ្នកចូលរួម ដែលនេះជាការចែករំលែកវប្បធម៌នៃការរស់នៅដល់គ្នាទៅវិញទៅមក៕