ក្រសួងពាក់ព័ន្ធបន្តចុះត្រួតពិនិត្យស្ថានភាពផ្លូវរងគ្រោះដោយជំនន់ ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ
នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវរងគ្រោះដោយជំនន់ទឹកភ្លៀង និងរកដំណោះស្រាយបច្ចេកទេសក្នុងការរំដោះទឹក ដែលកំពុងបង្កការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៤៧ ដល់ ៥២ ស្ថិតក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងការចុះពិនិត្យស្ថានភាពផ្លូវនាពេលនោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ទៅខេត្តកំពត ឱ្យវាងតាមផ្លូវខេត្តលេខ១២២ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៣ ឆ្ពោះទៅផ្លូវជាតិលេខ៤១។
សម្រាប់ទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ សូមវាងតាមផ្លូវខេត្តលេខ ១២២B ឆ្ពោះទៅផ្លូវជាតិលេខ២ ឬវាងតាមផ្លូវខេត្តលេខ១៤៥ ឆ្ពោះទៅផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មី និងសូមមេត្តាយោគយល់ អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។
នៅថ្ងៃដដែលនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានដឹកនាំមន្រ្តីបច្ចេកទេស ចុះត្រួតពិនិត្យជាក់ស្តែងជំនន់ទឹកភ្លៀង និងសិក្សាពីលក្ខណៈបច្ចេកទេសក្នុងការរំដោះទឹកដែលជន់លិចតំបន់ផ្លូវជាតិលេខ៣ផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនផងដែរថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះគឺចំតំបន់ស្រុកគងពិសីតែម្តង ហើយជាពិសេសតំបន់នោះជាតំបន់ទំនាបមានការអភិវឌ្ឍខ្លាំងទាំងផ្នែករោងចក្រនិងលំនៅឋានដែលបណ្តាលឱ្យមានការប្រែប្រួលគម្របដី។
ជាដំណោះស្រាយចំពោះមុខគឺអាជ្ញាធរត្រូវសហការជាមួយក្រសួង-ស្ថាប័នជំនាញដើម្បីកាយរំដោះមុខទឹកឱ្យហូរធ្លាក់មកភូមិសាស្រ្តផ្នែកខាងក្រោមនៃខេត្តតាកែវ ដើម្បីឱ្យជំនន់ទឹកភ្លៀងឆាប់បានធូរស្រាល និងដើម្បីជៀសវាងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី ១៥ តុលា អំពីស្ថានភាពទឹកជំនន់លើផ្លូវជាតិលេខ៣ ដែលបង្កឡើងដោយទឹកភ្លៀងដែលធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ។ ក្នុងនោះ អាជ្ញាធរក៏បានអំពាវដល់ពលរដ្ឋឱ្យប្រើប្រាស់ផ្លូវវាងជៀសវាងការគ្រោះថ្នាក់ជាយថាហេតុណាមួយក្នុងពេលធ្វើដំណើរ៕