ក្រសួងសាធារណៈការ សិក្សាលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពលើការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC (Sihanoukville Logistics Complex Development Project) ដែលបានសិក្សាដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation )។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ភាគីIFC តំណាងដោយលោក Thomas Lubeck ប្រធាន PPP ប្រចាំតំបន់ ព្រមទាំងក្រុមការងារបច្ចេកទេសនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិIFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។
ដោយឡែក កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាបន្ថែម និងចរចាលើ៖ បច្ចុប្បន្នភាពវឌ្ឍនភាពនៃការសិក្សាលទ្ធភាពនៃគម្រោង ស្វែងរកការសម្រេចចិត្តលើទីតាំងនៃគម្រោង និងការណែនាំពីក្រសួងសាធារណការ និងដឹកជញ្ជូន និងតម្រូវការទិន្នន័យបន្ថែមសម្រាប់ជាធាតុចូលពីរាជរដ្ឋាភិបាល។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទាំងអស់ដែលបានជំរុញការងារនេះមកដល់ចំណុចនេះ និងបានស្មើសុំដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជួយសហការជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន និង IFC ដើម្បីធ្វើឱ្យរបាយការណ៍សិក្សានេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចដាក់ជូនរាជរដ្ឋាភិបាលបានទាន់ពេលវេលា៕