អាល្លឺម៉ង់ មានផែនការបញ្ជូនទ័ពច្រើនពាន់នាក់ទៅកាន់ព្រំដែនក្បែររុស្ស៊ី
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអាល្លឺម៉ង់ លោក Boris Pistorius ថ្លែងទៅកាន់ក្រុមអ្នកកាសែត ERR កាលពីថ្ងៃម្សិលមិញនេះថា រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ និងប្រទេសលីទុយអានី កំពុងចាប់ផ្តើមធ្វើកិច្ចការងាររួមគ្នាក្នុងការកសាងផែនទីបង្ហាញផ្លូវក្នុងការដាក់ពង្រាយកងពលធំអាល្លឺម៉ង់មួយអង្គភាពទៅកាន់ប្រទេសក្នុងតំបន់ប៉ាល់តិកមួយនេះ។
ការបញ្ជាក់សាជាថ្មីលើកនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិអាល្លឺម៉ង់ធ្លាប់បានអះអាងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងមានផែនការក្នុងការបញ្ជូនយោធារបស់ខ្លួនប្រមាណជា ៤,០០០នាក់ ទៅកាន់ប្រទេសលីទុយអានីដែលបច្ចុប្បន្នជាប្រទេសមានវត្តមានយោធារបស់អាល្លឺម៉ង់ប្រមាណជាង ១,៥០០នាក់ ក្នុងនាមជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ។
ថ្លែងនៅក្នុងបទសំភាសនេះ លោករដ្ឋមន្ត្រីបានពន្យល់ថា ការសម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងគឺធ្វើឡើងក្នុងការបង្ហាញអំពីភាពសាមគ្គីគ្នា និងទំនួលខុសត្រូវដ៏សំខាន់សម្រាប់អាល្លឺម៉ង់នៅតាមតំបន់ព្រំដែនភាគខាងកើតរបស់ប្លុកណាតូ។
ទោះបីជាយ៉ាងណាក្តី
លោក Pistorius បាននិយាយថា នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើមុនពេលកងម្លាំងយោធាទាំងនោះអាចត្រូវបានដាក់ពង្រាយ ប៉ុន្តែបានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងលីទុយអានី រំពឹងថានឹងមានផែនទីបង្ហាញផ្លូវ និងរូបភាពច្បាស់លាស់អំពីរបៀបបន្តដំណើរការឲ្យបានសម្រេចនៅចុងខែវិច្ឆិកា ឬដើមខែធ្នូខាងមុខ។
គួរឲ្យដឹងដែរថា ប្រទេសលីទុយអានី គឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់ប៉ាល់តិកហើយមានព្រំដែនជាប់ជាមួយនឹងប្រទេសរុស្ស៊ីប្រមាណជាង២៧៥គីឡូម៉ែត្រលាតសន្ធឹងពីភាគខាងលិចទៅដល់ភាគអាគ្នេយ៍ដែលភាគច្រើននៃព្រំដែនគឺជាទន្លេ និងបឹង ខណៈដែលព្រំដែនគោកគឺត្រូវបានព័ទ្ធដោយរបងដែកបំពាក់បច្ចេកវិទ្យាទំនើប៕