Close

ក្រសួងកសិកម្មជំរុញការងារមន្ទីរពិសោធន៍ជាតិ ដើម្បីធានាសុវត្ថិភាពចំណីអាហារ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មជំរុញការងារមន្ទីរពិសោធន៍ជាតិ ដើម្បីធានាសុវត្ថិភាពចំណីអាហារ ក្រសួងកសិកម្មជំរុញការងារមន្ទីរពិសោធន៍ជាតិ ដើម្បីធានាសុវត្ថិភាពចំណីអាហារ

ក្នុងជំនួបជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា បានលើកឡើងនូវការងារមន្ទីរពិសោធន៍ជាតិយក មកពិភាក្សា។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការងារមន្ទីរពិសោធន៍ជាតិគឺជាផ្នែក​ចាំបាច់​មួយក្នុងការត្រួតពិនិត្យ ផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់​គ្រងនូវជំងឺឆ្លងផ្សេងៗ។

ឯកឧត្តមបន្តមានប្រសាសន៍ថា ការងារនេះមានសារសំខាន់ និងជាជំហានដែលត្រូវចាប់ផ្តើមក្នុងការ​កសាងហេដ្ឋារចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការគៀងគរលទ្ធភាពដើម្បីសម្រេច​ការងារ​នេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ។

យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យមានភាពប្រសើរ ឡើង និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ដោយឡែក ចំពោះគម្រោង One Health ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពិនិត្យនិងយកចិត្ត ទុកដាក់ លើច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានាឱ្យបានច្បាស់លាស់ ត្រូវមាន​ភាពម្ចាស់ការ ព្រមទាំងសិក្សាពីតម្រូវការក្រុមគោលដៅ ដើម្បីប្រើប្រាស់ថវិកាឱ្យចំទិសដៅ មានប្រសិទ្ធ​ភាពការងារ និងផ្ដល់ផលប្រយោជន៍ពិតដល់កសិករ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាព សេដ្ឋកិច្ចពិតប្រាកដ។

ក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការចូលរួម និងសហការគ្នាល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីការងារសម្រេចបានជោគជ័យល្អប្រសើរ។

គួរបញ្ជាក់ថា គម្រោង One Health ជាគម្រោងដែលផ្ដោតសំខាន់លើការអនុវត្តចំពោះប្រទេសកំពុង អភិវឌ្ឍន៍ ដោយយកចិត្តទុកដាក់លើសុខមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ដើម្បីធានាការ រស់នៅជាប្រព័ន្ធ និងមានសុខសុវត្ថិភាព៕

អត្ថបទទាក់ទង