ន.អ.ប. ក្រើនរំលឹកដល់ម្ចាស់អាជីវកម្មគ្មានអាជ្ញាបណ្ណ លើគម្រោងវិនិយោគអចលវត្ថុរបស់ខ្លួន ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ (ន.អ.ប. )ក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. លើគម្រោងវិនិយោគអចលវត្ថុរបស់ខ្លួន ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ចៀសវាង ត្រូវទទួលរងទោសទណ្ឌ។
សេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ជី និងអាជីវកម្មប្រាតិភោគដោយអនុប្បទាននេះបានសរសេរថា ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ការ ធ្វើធុរកិច្ចប្រកបដោយសុចរិត ន.អ.ប. សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍ អគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្ម ប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី ន.អ.ប.។ ដូច្នេះ ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន៕