Close

ប៉េងប៉ោះឆឺរី ៖ មានទីផ្សារខ្ពស់ ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
ប៉េងប៉ោះឆឺរី ៖ មានទីផ្សារខ្ពស់ ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ប៉េងប៉ោះឆឺរី ៖ មានទីផ្សារខ្ពស់ ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព

ប៉េងប៉ោះឆឺរី ជាដំណាំមួយប្រភេទដែលកំពុងមានទីផ្សារខ្ពស់នៅក្នុងស្រុក ដោយភាគច្រើនគេតែងសង្កេតឃើញមានលក់ប៉េងប៉ោះប្រភេទនេះនៅតាមផ្សារទំនើបៗ។ ប៉េងប៉ោះឆឺរី ត្រូវប៉ាន់សម្រាប់ធ្វើជាអាហារសុខភាពដោយសារវាសម្បូរទៅដោយវីតាមីនC។

បច្ចុប្បន្ននេះផងដែរ មានកសិករជាច្រើនបាននិងកំពុងបង្វែរចំណាប់អារម្មណ៍ទៅដាំដុះប៉េងប៉ោះឆឺរី រីឯមូលហេតុសំខាន់គឺដោយសារដំណាំនេះមានទីផ្សារល្អ និងមានតម្រូវការច្រើន។

នៅស្រុកថ្មគោល ខេត្តបាត់ដំបងឯណោះ កសិករ ឆន ចន្ថា ក៏ជាអ្នកដាំដុះប៉េងប៉ោះឆឺរីមួយរូបដែរ។ ឈរក្នុងរោងសំណាញ់បណ្ដើរ បុរសវ័យ៤០ប្លាយរូបនេះបានរៀបរាប់ថា ការដាំប៉េងប៉ោះឆឺរីគឺអាច ធ្វើទៅបានទាំងនៅលើទីវាល និងក្នុងរោងសំណាញ់។ ប៉ុន្តែយ៉ាងណា លោកលើកទឹកចិត្តឱ្យកសិករជ្រើសរើសដាំក្នុងរោងផ្ទះសំណាញ់ ព្រោះការដាំដុះ របៀបនេះគឺមានផលចំណេញច្រើន ហើយទិន្នផលដែលទទួលបានគឺជាបន្លែដែលមានសុវត្ថិភាពទៀតផង។

លោក ឆន ចន្ថា បានបន្តរៀបរាប់ថា៖ «ដំណាំប្រភេទនេះមិនសូវត្រូវការទឹកច្រើនទេ អីចឹងបើយើង ដាំក្នុងរោង វាអាចជួយទប់ទល់ទឹកភ្លៀងបានខ្លះ ណាមួយដំណាំនេះភាគច្រើនពិបាកដាំណាស់នៅ ខែភ្លៀង»។

ពិបាកដាំដោយសារ នៅពេលដែលប៉េងប៉ោះឆឺរីត្រូវទឹកភ្លៀងច្រើន វាអាចឆ្លងនូវជំងឺដូចជា រលួយស្លឹក និងរួញស្លឹកជាដើម ម្លោះហើយបានជាក្នុងអំឡុងពេលនៃខែវស្សា តម្លៃប៉េងប៉ោះឆឺរីនឹងកាន់តែឡើង ថ្លៃមួយកម្រិតទៀត។

ដាំដុះលើដី ៤០០ការ៉េ ដែលត្រូវបានបែងចែកជាផ្ទះសំណាញ់ចំនួន២ កសិករ ឆន ចន្ថា អាចលក់ប៉េងប៉ោះឆឺរីបានក្នុងតម្លៃ ៧ពាន់រៀលក្នុងមួយគីឡូក្រាម និងអាចឡើងរហូតដល់ ១ម៉ឺនរៀលនៅខែវស្សា។

កសិកររូបនេះគូសបញ្ជាក់ថា៖ «ពេលប្រមូលផល យើងបេះមួយថ្ងៃរំលងមួយថ្ងៃ ដោយអាចបាន ៥០ ទៅ ៧០គីឡូក្នុងមួយថ្ងៃ ហើយអាចបន្តបេះពី៤ខែ ទៅដល់៦ខែ អាស្រ័យលើការថែទាំយើងដែរ»។

យ៉ាងណាមិញ លោកបានបញ្ជាក់ពីបច្ចេកទេសក្នុងការដាំដុះដំណាំប្រភេទនេះថា កសិករត្រូវចំណាយ ពេលក្នុងការបណ្ដុះកូនប៉េងប៉ោះប្រមាណជា ២០ថ្ងៃ។ ក្នុងអំឡុងពេលនោះ គេអាចរៀបចំធ្វើរង និងរៀបចំប្រព័ន្ធស្រោចស្រព។

បន្ទាប់ពីរៀបចំដី រៀបចំរងរួចរាល់ គេអាចយកកូនប៉េងប៉ោះដែលបានបណ្ដុះទៅដាក់ដាំក្នុងរង និងត្រូវថែទាំដោយការបាញ់ជីទឹកសរីរាង្គ ដើម្បីជាជំនួយដល់ការលូតលាស់។ បើតាមការឱ្យដឹងពី កសិកររូបនេះ រាប់ចាប់តាំងពីពេលបណ្ដុះកូនរហូតដល់ប្រមូលផល គឺកសិករត្រូវចំណាយពេល អស់៧៥ថ្ងៃ។

ប៉ុន្តែដោយសារតែ លោកជ្រើសរើសដាំនៅក្នុងផ្ទះសំណាញ់ ដូច្នេះលោកមិនបានប្រើប្រាស់ជីគីមី ឬថ្នាំសម្លាប់សត្វល្អិតនោះទេ ពោលគឺលោកផ្ដោតតែទៅលើការស្រោចទឹក និងដាក់ជីសរីរាង្គបំប៉ន ប៉ុណ្ណោះ។

កសិកររូបនេះបន្តលើកទឹកចិត្តដល់កសិករផ្សេងទៀតឱ្យងាកទៅដាំដំណាំប្រភេទនេះ ជាពិសេស​ជ្រើសរើសយកវិធីដាំដុះក្នុងផ្ទះសំណាញ់ ព្រោះវាចំណេញច្រើន និងមិនប៉ះពាល់​សុខភាព។

លោកសង្កត់ធ្ងន់ថា៖ «មានផ្ទះសំណាញ់ពីរសម្រាប់ដាំប៉េងប៉ោះឆឺរី គឺស្មើនឹងមានប្រាក់ខែ ១ខែ១លានសម្រាប់ចាយ»៕

អត្ថបទទាក់ទង