Close

អង់គ្លេស, បារាំង និងអាល្លឺម៉ង់ បន្តជំហរក្សាទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អង់គ្លេស, បារាំង និងអាល្លឺម៉ង់ បន្តជំហរក្សាទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ អង់គ្លេស, បារាំង និងអាល្លឺម៉ង់ បន្តជំហរក្សាទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ

បរទេស ៖ ទាំងចក្រភពអង់គ្លេស, ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់បានចេញសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ពួកគេនឹងបន្តរក្សាទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដដែលដោយសារបញ្ហាកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកម្មវិធីផលិតមីស៊ីលឆ្លងទ្វីបរបស់រដ្ឋាភិបាលក្រុងតេហរ៉ង់់។

សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង៣ ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្ត E3 គឺជាក្រុមប្រទេសដែលទទួលបន្ទុកកិច្ចការងារចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់បានបញ្ជាក់ទៀតថាទណ្ឌកម្មនឹងបន្តអនុវត្តដើម្បីឆ្លើយតបទៅនឹងការមិនស៊ីសង្វាក់គ្នារបស់ប្រទេសអ៊ីរ៉ង់។

វិធានការកន្លងមកមានដូចជាការហាមឃាត់អ៊ីរ៉ង់ពីការអភិវឌ្ឍន៍មីស៊ីលផ្លោងដែលមានសមត្ថភាពបញ្ជូនអាវុធនុយក្លេអ៊ែរ និងក៏ដូចជារារាំងប្រទេសទាំងឡាយណាក្នុងការទិញ លក់ ឬផ្ទេរយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទាំងទៅឲ្យ និងមកពីប្រទេសអ៊ីរ៉ង់ផង។​ ក្រៅពីនោះគេក៏ឃើញមាននូវការរួមបញ្ចូលការបង្កកទ្រព្យសម្បត្តិសម្រាប់បុគ្គល និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបផងដែរ។

ទោះបីជាយ៉ាងណាក្តី អ៊ីរ៉ង់​ក្នុងរយៈពេលចុងក្រោយនេះ ថែមទាំង​បានបំពាន​លើ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ការ​អភិវឌ្ឍ និង​សាកល្បង​មីស៊ីលឆ្លងទ្វីប និង​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​រុស្ស៊ី​សម្រាប់​សង្គ្រាមនៅ​អ៊ុយក្រែន។

E3 បានបន្ថែមដែរថា ទណ្ឌកម្មនឹងនៅតែមានរហូតដល់ទីក្រុងតេហរ៉ង់ នឹងអនុលោមតាមច្បាប់ពេញលេញជាមួយកិច្ចព្រមព្រៀងដែលធ្លាប់បានដាក់។

គួរឲ្យដឹងដែរថា ទណ្ឌកម្ម​នេះ​បើ​តាម​កិច្ច​ព្រម​ព្រៀង​កាល​ពី៨​ឆ្នាំ​មុន​នោះវានឹងត្រូវ​ផុត​កំណត់​នៅត្រឹម​ថ្ងៃ​ទី​១៨ ខែ​តុលាខាងមុខនេះហើយ៕

អត្ថបទទាក់ទង