អតីតប្រធានាធិបតីហ្វីលីពីនចង់ឲ្យលោក Durtete ត្រឡប់ធ្វើនយោបាយវិញ
បរទេស ៖ យោងតាមការអះអាងដោយជំនួយការរបស់លោក Rodrigo Duterte អតីតមេដឹកនាំហ្វីលីពីន ដែលតែងតែមានគោលនយោបាយការបរទេសជិតស្និទ្ធជាមួយប្រទេសចិនក្នុងអំឡុងអាណត្តិរបស់លោក ត្រូវបានលើកទឹកចិត្តដោយអតីតប្រធានាធិបតីដ៏ល្បីម្នាក់គឺលោកស្រី Gloria Macapagal-Arroyo ថា គួរតែផ្អាកការចូលនិវត្តន៍របស់គាត់ ហើយវិលចូលនយោបាយវិញ។
ថ្មីៗនេះ លោក Duterte បានជួបជាមួយលោកស្រី Arroyo និងអតីតមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ដើម្បីពិនិត្យសុខភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទ តាមរយៈការឆ្លើយឆ្លងជាមួយនឹងសមាជិកព្រឹទ្ធសភា លោក Bong Go ដែលនៅតែបន្តធ្វើជាជំនួយការរបស់លោក Duterte នៅឡើយ។
លោក Go បាននិយាយប្រាប់ក្រុមអ្នកកាសែតថា ក្នុងអំឡុងពេលនៃកិច្ចជួបជុំនោះ លោកស្រី Arroyo បានព្យាយាមបញ្ចុះបញ្ចូលលោក Duterte ឱ្យធ្វើសកម្មភាពក្នុងនយោបាយម្តងទៀត ជាពិសេសនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិបន្ទាប់សម្រាប់មុខតំណែងថ្នាក់មូលដ្ឋាន និងសភាដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៥ខាងមុខ។
គួរឲ្យដឹងដែរថា លោក Duterte ដែលបច្ចុប្បន្នមានអាយុ៧៨ឆ្នាំបានក្លាយខ្លួនជាពលរដ្ឋស៊ីវិលបន្ទាប់ពីអាណត្តិរបស់គាត់បានបញ្ចប់កាលពីឆ្នាំមុន។ ប៉ុន្តែកាលពីខែកក្កដា កន្លងទៅ លោកបានលេចមុខសាជាថ្មីនៅពេលដែលគាត់បានធ្វើដំណើរទៅជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង។ លោក Xi បានសម្តែងក្តីសង្ឃឹមថា លោក Duterte នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការន៍ដែលចេញផ្សាយដោយភាគីរដ្ឋាភិបាលចិននៅបន្ទាប់ពីបញ្ចប់ទៅនៃកិច្ចប្រជុំ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាដំណើរទស្សនកិច្ចរបស់លោក Duterte បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr. កំពុងពង្រឹងទំនាក់ទំនងការពារជាតិយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិក និងបង្កើនការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង៕