បារាំង កំពុងត្រៀមផែនការជ្រៀតជ្រែកបញ្ហាប្រទេសនីហ្សៀដោយប្រើប្រាស់កម្លាំងយោធា
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសនីហ្សៀដែលកំពុងគ្រប់គ្រងដោយកងម្លាំងយោធានោះបានអះអាងថា រដ្ឋាភិបាលទីក្រុងប៉ារីសកំពុងបន្តដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅតាមបណ្តាប្រទេសនៃប្លុក ECOWAS ជាច្រើន។
សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំយោធានៃប្រទេសនីហ្សៀបានបញ្ជាក់ថា រដ្ឋាភិបាលបារាំងកំពុងរៀបចំផែនការក្នុងការធ្វើអន្តរាគមន៍ចូលក្នុងបញ្ហារបស់ខ្លួនតាមរយៈការដាក់ពង្រាយកងទ័ពជាច្រើនទៅកាន់បណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់។
ព័ត៌មាននេះបានកើតឡើងនៅក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសនីហ្សៀ និងបារាំងដែលធ្លាប់ជាប្រទេសដាក់អាណានិគមរបស់ខ្លួនកាលពីអតីតកាលនោះកំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំងចាប់តាំងតែពីពេលមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារដោយយោធាកាលពីខែកក្កដា។
ទោះបីជាយ៉ាងណាក្តី កន្លងមកទាំងប្លុកអាហ្វ្រិកខាងលិច ឬ ECOWAS បានគំរាមធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនីហ្សៀដើម្បីស្ដារអំណាចឲ្យប្រធានាធិបតីស្របច្បាប់ លោក Mohamed Bazoum ដែលត្រូវគេបណ្តេញចេញឲ្យត្រឡប់មកកាន់តំណែងចាស់វិញ ហើយទាំងមន្ត្រីកំពូលរបស់បារាំងក៏បានថ្លែងការណ៍ជាច្រើនដងដូចគ្នាដែរហើយថា រដ្ឋាភិបាលទីក្រុងប៉ារីសនឹងគាំទ្រសកម្មភាពយោធារបស់ប្លុកដើម្បីធ្វើកិច្ចការងារមួយនេះ។
មេដឹកនាំយោធានៃប្រទេសនីហ្សៀក៏ធ្លាប់បានរិះគន់ខ្លាំងៗរួចមកហើយចំពោះវត្តមានទាហានបារាំងក្នុងប្រទេសទាំងនេះថាជាសកម្មភាពខុសច្បាប់ ហើយបានទាមទារឱ្យពួកគេដកទ័ពចេញជាបន្ទាន់ដែរ។
ជាមួយគ្នានេះនៅពេលថ្លែងក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ដោយសារប្រទេសរបស់គាត់មិនទទួលស្គាល់រដ្ឋាភិបាលយោធានីហ្សៀ ដូច្នេះ ការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនឡើងវិញអាចនឹងត្រូវបានធ្វើឡើង ស្របទៅតាមសំណើរបស់ប្រធានាធិបតី Bazoum ប៉ុណ្ណោះ៕