ក្រសួងពាណិជ្ជកម្មបន្តជំរុញការលក់ផលិតផលខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈ
ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះបានចេញសេចក្ដីជូនដំណឹងមួយ ដោយសំដៅជំរុញដល់ការលក់ផលិតផលខ្មែរឱ្យកាន់តែច្រើន នៅតាមស្ថានីយប្រេងឥន្ធនៈតាមបណ្ដារាជធានីខេត្ត។ ការបន្តជំរុញរបស់ក្រសួងនេះផងដែរធ្វើឡើងក្រោយការអនុវត្តត្រូវបានធ្វើឡើងចប់រួចរាល់សម្រាប់ដំណាក់កាលទី១ហើយ។
សម្រាប់លើកនេះគឺស្ថិតក្នុងដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣ នៃការលក់ផលិតផលខ្មែរដែលស្ថិតក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត។
ដោយឡែក តាមរយៈសេចក្ដីជូនដំណឹងនោះ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ធ្វើឡើងក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។
គម្រោងនេះជាការសហការគ្នារវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) និងបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។
ដោយឡែក ភាគីទាំងពីរនឹងបន្ដអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល ក្នុងរាជធានី-ខេត្ដ ចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១២។
ស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១២ នៅតាមបណ្ដាខេត្តនេះរួមមានដូចជា៖ ស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកីរាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារខេត្ដបាត់ដំបង ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្ដកំពង់ចាម ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈភីធីធីឧដ្ដុង្គ និងក្រុងកំពង់ឆ្នាំង ស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្ដព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រចេះក្រុង ស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្ដព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្ដស្ទឹងត្រែង។
ក្នុងការចូលរួមដាក់តាំងលក់ផលិតផលខ្មែរនេះដែរ អាចរួមមានជាប្រភេទ៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម៕