Close

ក្រសួងកសិកម្មចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថលសម្រាប់វិស័យនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថលសម្រាប់វិស័យនេះ ក្រសួងកសិកម្មចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថលសម្រាប់វិស័យនេះ

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបា​ន​ជួយ​ដល់​សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រី នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោត​លើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្មដើម្បីជួយដល់កសិករនៅមូលដ្ឋាន​ទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

នៅក្នុងវិស័យកសិកម្ម ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ។

ទាក់ទងនឹងការងារនេះដែរ ក្រសួងត្រូវការការសហការពីវិស័យឯកជន ដោយក្នុងនោះសម្រាប់ផ្នែក​រឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាព​ហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំង​ការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ ចំណែកឯផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ។

គួររំលឹកផងដែរថា រដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧នេះ បានប្រកាសដាក់ចេញនូវគោលនយោបាយ​អាទិភាពមួយចំនួនសម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ក្នុងនោះផងដែរ ក៏មាននូវ​គោលនយោបាយមួយដែលគាំទ្រដល់វិស័យកសិកម្ម។

ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ចំណុច ចំណុចទី៥ រដ្ឋាភិបាលបានផ្ដោតលើវិស័យ កសិកម្មដោយត្រៀមថវិកាសម្រាប់ចំណាយចំនួន ១០០លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង