កម្ពុជា-កូរ៉េ ពិភាក្សាលើគម្រោងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍
(ភ្នំពេញ)៖ ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងក្រុមអ្នកជំនាញការនៃវិទ្យា ស្ថានសញ្ញាជំនួននាវាចរណ៍កូរ៉េ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី ២៨សីហាកន្លងទៅថ្មីៗនេះ ជុំវិញ
គម្រោងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍។
កិច្ចពិភាក្សានេះដែរ ដឹកនាំដោយ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ព្រមទាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ។
តាមរយៈកិច្ចពិភាក្សានេះ អង្គប្រជុំបានពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើក ទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល។ ជាលទ្ធផល ភាគីកូរ៉េនឹងបន្តផ្តល់គម្រោង ជំហានទី២ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ខាងមុខ ហើយចំពោះសេចក្តី ព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ ភាគីកូរ៉េនឹងមកឱ្យភាគីកម្ពុជាដើម្បីធ្វើការ ត្រួតពិនិត្យផ្តល់ធាតុចូលបន្ថែម។
ជាមួយគ្នានេះផងដែរ ភាគីកូរ៉េក៏នឹងបន្តផ្តល់នូវឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ដំឡើង សញ្ញាជំនួយនាវាចរណ៍ ព្រមនឹងវគ្គបណ្តុះបណ្តាលជំនាញទាំងនៅក្នុងប្រទេសកម្ពុជា និងការសិក្សាយកបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្រ្តីបច្ចេកទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ ភាគីកម្ពុជាបានស្នើឱ្យក្រុមអ្នកជំនាញការកូរ៉េផ្តល់ជាអនុសាសន៍ណែនាំអំពីការរៀបចំដំណើរការពោងសញ្ញាជំនួយនាវាចរណ៍នៅកម្ពុជា និងសិក្សាលម្អិតលើលទ្ធភាពនៃការប្រើប្រាស់ពោងសញ្ញា បង្គោលសញ្ញា ឬបង្គោលបំភ្លឺផ្លូវនាវាចរណ៍ ដើម្បីជាជំនួយដល់សុវត្ថិភាពនាវាចរណ៍។
ដែលគម្រោងនេះនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ការធ្វើដំណើរតាមផ្លូវទឹកក្នុងប្រទេសកម្ពុជា ជាពិសសេសជួយជំរុញឱ្យការដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តជាងមុន ផងដែរ៕