មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ ជួយសម្រាលជីវភាពគ្រួសារ និងអាចផ្គត់ផ្គង់ឱ្យកូនបានចូលរៀននៅសាលាពេទ្យ
បាត់ដំបង ៖ អ្នកស្រី ឡាយ សេងហឿន ជាកសិករនៅជនបទ ក្នុងឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកន្លែងដែលអ្នកស្រី និងស្វាមីធ្លាប់ដាំពោត ដំឡូងមី និងបន្លែផ្លែឈើផ្សេងៗ។
គ្រួសាររបស់អ្នកស្រីចេះរកស៊ីក្នុងរបរកសិកម្មបន្តិចបន្តួច និងអាចរកប្រាក់ចំណូលជាមធ្យម ដែលបានមកពីការលក់ផលិតផលកសិកម្មមួយចំនួនដល់សហគមន៍របស់អ្នកស្រី។ តែដោយសារការបម្រែបម្រួលអាកាសធាតុ និងការធ្លាក់ចុះទិន្នផលកសិកម្មបានធ្វើឱ្យមុខរបររបស់អ្នកស្រីជួបការលំបាក។
ទោះជាយ៉ាងនេះក្តី ដោយសារមានការគាំទ្រពីគម្រោង CASDP របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារពិភពលោក បានធ្វើឱ្យសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា និងកសិដ្ឋានរបស់អ្នកស្រី ឡាយ សេងហឿន បានឈរយ៉ាងរឹងមាំក្នុងមុខរបរ។
គម្រោងបានផ្តល់ហិរញ្ញប្បទានឥតសំណង៤០% ដើម្បីជីកស្រះទឹក និងផ្ទះសំណាញ់ ដើម្បីបានប្រព័ន្ធស្រោចស្រព ការសិក្សាបន្ថែមពីបច្ចេកទេសរក្សាដីឱ្យមានជីជាតិសម្រាប់ដាំបន្លែផ្សេងៗនៅក្នុងផ្ទះសំណាញ់ចំនួន១២ខ្នង ដែលគម្រោងបានផ្តល់។ ឥឡូវនេះអ្នកស្រីអាចប្រមូលផលបានច្រើនជាង ៧២,០០០ គីឡូក្រាមក្នុងមួយខែ ដែលជាដំណាំវិលជុំ។
ការដាំដុះដំណាំ និងបន្លែវិលជុំ ជាដំណោះស្រាយដ៏ល្អមួយដើម្បីបញ្ជៀសការកកស្ទះនៅតាមទីផ្សារ និងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់អ្នកស្រីផងដែរ។ ជាមួយនឹងប្រាក់ចំណូលពីការលក់បន្លែ អ្នកស្រីអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ និងសម្រាប់ការសិក្សារបស់កូនអ្នកស្រី ដែលនាងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៕