អ៊ុយក្រែនជ្រើសបានទាហានថ្មី ១៥០,០០០នាក់ត្រៀមចូលរួមប្រតិបត្តិការវាយបកសាជាថ្មីលើរុស្ស៊ី
បរទេស៖ កាសែត The Politico រាយការណ៍កាលពីដើមសប្តាហ៍កន្លងមកនេះបានបង្ហាញថា អ៊ុយក្រែនបានជ្រើសបាន និងដាក់ពង្រាយកងកម្លាំងយោធាថ្មីៗប្រមាណជា ១៥០,០០០នាក់ ដើម្បីត្រៀមចូលរួមប្រតិបតិ្តការវាយបកថ្មីមួយទៀតទៅលើប្រទេសរុស្ស៊ី។
ចំនួននេះត្រូវបានអះអាងពីប្រភពមន្ត្រីជាន់ខ្ពស់របស់ប៉ង់តាហ្គោនជាច្រើននាក់ហើយក្នុងនោះអ៊ុយក្រែននឹងបែកចែកពួកគេទៅកាន់ទីតាំងសមរភូមិប្រយុទ្ធសំខាន់ៗចំនួន៣កន្លែងសង្ឃឹមថានឹងអាចទម្លុះរនាំងការពាររបស់កងកម្លាំងយោធារុស្ស៊ីបាន។
ទីក្រុងគៀវបានចាប់ផ្តើមប្រតិបត្តិការវាយបកដែលរំពឹងទុកជាយូរមកហើយរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីតាំងតែពីដើមខែមិថុនាដោយក្នុងនោះទីប្រឹក្សាអាមេរិកម្នាក់បានសន្យាថាប្រតិបត្តិការនេះនឹងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាពិសេសក្នុងតំបន់ Crimea ប៉ុន្តែជាលទ្ធផលមិនដូចនឹងការរំពឹងទុកនោះឡើយហើយក៏បានធ្វើឲ្យអាមេរិកខកចិត្តមិនស្ទើរនោះដែរ។
មន្ត្រីអ៊ុយក្រែនភ្លាមៗបានចេញមកធ្វើការស្តីបន្ទោសចំពោះបរាជ័យដោយសារតែបញ្ហារបស់លោកខាងលិច ដោយលើកហេតុផលថា ពួកគេមិនត្រូវបានផ្តល់អាវុធ និងគ្រាប់រំសេវគ្រប់គ្រាន់ដើម្បីធានាបាននូវប្រតិបត្តិការយោធាដ៏មានប្រសិទ្ធភាពនោះទេ។
ទោះបីជាយ៉ាងណាក្តី អ៊ុយក្រែនបានធ្វើការវាយលុកជាថ្មីកាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលដែលក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានទទួលជោគជ័យលើការសមរភូមិដ៏ធំមួយ នៅជិត Orekhov ទៅលើកងវរសេនាតូចអ៊ុយក្រែនចំនួនបីដែលគាំទ្រដោយកងរថក្រោះរបស់អាមេរិកផង និងលោកខាងលិចផង។
សាជាថ្មីមួយសប្តាហ៍ក្រោយមក អាមេរិកបានត្រឹមខកចិត្តម្តងទៀតដោយសេតវិមានបានប្រកាសទទួលស្គាល់ជាសាធារណៈថា កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងកំពុងមានភាពយ៉ាប់យឺនហើយប្រតិបត្តិការរបស់ពួកគេមានភាពយឺតយ៉ាវជាទីបំផុត៕