ក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៤ នៅប្រទេសឥណ្ឌូនេស៊ី ដោយអនុម័តលើ៤ចំណុច
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ ប្រតិភូក្រសួងបរិស្ថានកម្ពុជានឹងចូលរួមកិច្ចប្រជុំ ឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី។
វេទិកានេះ បានប្រព្រឹត្តទៅ ដោយមានអ្នកចូលរួមពីឧត្តមមន្រ្តីបរិស្ថានអាស៊ានទាំង១០ ប្រទេស លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន សរុបជាង១០០នាក់។
ដោយឡែក សម្រាប់ថ្ងៃទី១នៃកិច្ចប្រជុំ អង្គប្រជុំដែលជាឧត្តមមន្រ្តីបរិស្ថានអាស៊ានទាំង១០ ប្រទេស និងអ្នកពាក់ព័ន្ធផ្សេងទៀត បានអនុម័តលើគោលការណ៍រួម៤ចំណុច៖ ទី១គឺ សេចក្តីថ្លែងការណ៍រួមស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ UNFCCC COP-28 (United Nations Framework Convention on Climate Change) ។
ទី២គឺ ការអនុម័តលើឧទ្យានជាតិចំនួន២ ដែលជាឧទ្យានបេតិកភ័ណ្ឌអាស៊ាន។ ទី៣គឺ ការអនុម័តលើ សាលាមេត្រីភាពអាស៊ាន និងជ័យលាភីយុវជនអេកូអាស៊ាន និងទី៤គឺការអនុម័តលើ សាលាមេត្រីភាពអាស៊ាន និងជ័យលាភីយុវជនអេកូអាស៊ាន។
ក្រៅពីការអនុម័តលើចំណុចទាំង៤ខាងលើ អង្គប្រជុំក៏បានកត់សម្គាល់អំពីរបាយការណ៍នៃស្ថានភាពបរិស្ថានលើកទី៦ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន ពីការប្រែប្រួលអាកាសធាតុ សកម្មភាពការប្រែប្រួលអាកាសធាតុផ្អែកតាមសហគមន៍អាស៊ាន និងការងារផ្សេងៗ។
គួរបញ្ជាក់ថា ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក និងជាប្រធានឧត្តមមន្រ្តីបរិស្ថានអាស៊ាន គឺជាអ្នកដឹកនាំប្រតិភូបរិស្ថានកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ីរយៈពេល៤ថ្ងៃនេះ៕