Close

កម្ពុជា-ចិន ប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-ចិន ប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ កម្ពុជា-ចិន ប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា និងចិនបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនឹងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលដើមសប្តាហ៍នេះ បានទទួលការជួបសម្តែងការគួរសមពីសំណាក់ ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នាថ្ងៃដើមសប្តាហ៍កន្លងទៅនៅទីស្ដីការក្រសួង។

កិច្ចពិភាក្សាបានផ្តោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក រួមមានការបោះឆ្នោតសកលនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។

ឯកឧត្តម ឈាន ហុងសាន បានថ្លែងថា កម្ពុជាភាពទទួលបានជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្តាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ ឯកឧត្តម បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយ លក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលុបនេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញ ពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច។

ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ក្នុងឆ្នាំនេះ ឯកឧត្តមទាំងពីរបានសម្ដែងការពេញចិត្តចំពោះសកម្មភាពអបអរដ៏សំបូរបែប។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការគាំទ្រជានិរន្តរ៍បស់ចិន ចំពោះអធិបតេយ្យ និងសេចក្តី ថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ស្របនឹងលក្ខខណ្ឌជាតិពិសេសរបស់ ព្រះរាជាណាចក្រកម្ពុជា។ ចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាបន្ថែមទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ដ៏ធំធេងរបស់ចិន រួមទាំងការផ្តល់វ៉ាក់សាំងកូរីដ-១៩ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដែលបានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ តួនាទីដ៏សំខាន់របស់ចិន ដែលឈានមុខគេក្នុងនាមជាម្ចាស់ជំនួយ ដៃគូពាណិជ្ជកម្ម អ្នកវិនិយោគ និងប្រភព នៃអ្នកទេសចរនៅកម្ពុជា ត្រូវបានទទួលស្គាល់។

លើសពីនេះទៀត ឯកឧត្ដម ប្រាក់ សុខុន ក្នុងនាមជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឈាន ហុងសាន ក៏បានស្វែងរកឱកាស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ ក្នុងផ្នែកអភិបាលកិច្ច ការអប់រំ ការគាំទ្រ សម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យក្មេង ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌។

ជាចុងក្រោយ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី៕


អត្ថបទទាក់ទង