Close

អ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជា អ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជា

ភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរជាតិ ដែលមានចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់  និងចូលរួមអបអរសាទដល់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន  ត្រឹមត្រូវ យុត្តិធម និងតម្លាភាព  ព្រមទាំងមានរបៀបរៀបរយល្អ ។

នៅក្នុងកិច្ចប្រជុំរវាងលោក នុត សុខុម អនុប្រធានគ.ជ.ប ជាមួយអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ជាមួយលោក វ៉ាង វិនធៀន (H.E.Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសង្កេតឃើញថា ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានសម្តែងនូវឆន្ទៈ និងអនុវត្តសិទ្ធិរបស់ខ្លួន ដោយចេញទៅបោះឆ្នោតមានចំនួនយ៉ាងច្រើនបានដល់ ៨៤.៥៨%។

លោកបន្តថា  ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ គណបក្សនយោបាយទាំង ១៨ បានធ្វើការឃោសនាបោះឆ្នោតដោយសេរី នៅទូទាំងប្រទេស ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ។ ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។

លោកបន្ថែមថា លទ្ធផលនៃការបោះឆ្នោត គឺអាចទទួលយកបាន។ ប្រទេសចិនសូមគាំទ្រនូវជម្រើសរបស់ប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីភាគីបរទេស។

ជាមួយគ្នានេះ លោក យូថេន សូ (H.E.Mr. U Thein Soe) ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតនៃប្រទេសមីយ៉ាន់ម៉ា បានសង្កេតឃើញ ស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជាដែលបានអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការចេញទៅបោះឆ្នោតយ៉ាងច្រើន។ កែវភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា បានរួមចំណែកក្នុងការតម្រង់ទិសប្រទេសជាតិរបស់ខ្លួន។

លោកបន្ថែមថា  ការបោះឆ្នោតមានសារៈសំខាន់ ហើយមានលក្ខណៈល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ព្រះរាជាណាចក្រកម្ពុជា បានប្រឹងប្រែងរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ។

បន្ថែមពីនេះ លោក នែលស៊ុន ជេស៊ែលីស (H.E.Mr. Nelson J.Celis) សមាជិក គណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋហ្វីលីពីន បានសង្កេតឃើញដែរថា ភាគរយនៃអ្នកបោះឆ្នោត ៨៤.៥៨% នៅព្រះរាជាណាចក្រកម្ពុជា ខ្ពស់ជាងនៅប្រទេសហ្វីលីពីន ដែលមានត្រឹមតែ ៨៣% ប៉ុណ្ណោះក្នុងការបោះឆ្នោត ឆ្នាំ២០២២កន្លងទៅនេះ។

លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ខ្ពស់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ របស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ។ ការបោះឆ្នោតមានតម្លាភាព។ ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក ដែលបញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យជឿទុកចិត្តបាន។

លោកក៏បានចូលរូមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ សន្តិភាព និងគ្មានអំពើហិង្សា។

ជាមួយគ្នានេះ លោក ម៉ាស៊ូរីស្គី កុបស្តាបទីន (H.E.Mr. Mazurevski Kopstaptin) សមាជិកគណៈកម្មការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី បានចាត់ទុកថា ការរៀបចំការិយាល័យបោះឆ្នោត មានរបៀបរៀបរយ ដោយមានបិទបញ្ជីឈ្មោះអ្នក បោះឆ្នោតភ្ជាប់ជាមួយរូបថត បិទនៅខាងមុខការិយាល័យបោះឆ្នោត។

លោកសង្កត់ធ្ងន់ថា  នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតបានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអញ្ជើញ អ្នកបោះឆ្នោត បង្ហាញមន្រ្តីការិយាល័យបោះឆ្នោត ដែលការងារនេះជួយពន្លឿនក្នុងការរកឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅបានឆាប់រហ័ស។

លោកបន្ថែមថា  ការរៀបចំសម្ភារក្នុងការិយាល័យបោះឆ្នោត មានបន្ទប់សម្ងាត់ មានហិបឆ្នោត មានទឹកខ្មៅជ្រលក់ដៃ ដែលអ្នកបោះឆ្នោតត្រូវជ្រលក់បញ្ជាក់ថាបានបោះឆ្នោតរួចហើយ។  ស្រ្តីកម្ពុជា ក្លាហានជ្រលក់ម្រាមដៃនឹងទឹកខ្មៅលាងមិនជ្រះ ដែលជាទូទៅស្ត្រីត្រូវការ ម្រាមដៃស្អាត។

ជាមួយគ្នានេះ លោកបានកត់សម្គាល់ទៀតថា មន្រ្តីការិយាល័យបោះឆ្នោតមានពាក់អាវសម្គាល់ ហើយភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន មានបណ្ណសម្គាល់ខ្លួនផងដែរ។ ទាំងនេះបញ្ជាក់ថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

លោក នីថេស គូម៉ា វីយ៉ាស (H.E.Mr. Nitesh Kumar Vyas) អនុប្រធានគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌា បានសង្កេតឃើញថា ទីតាំងការិយាល័យបោះឆ្នោត ផ្តល់ភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត។ ការិយាល័យបោះឆ្នោត មានឧបករណ៍គ្រឿងសង្ហារឹម មានពន្លឺ មានលំហដ៏ត្រឹមត្រូវ សម្ភារបោះឆ្នោត ត្រូវបានរៀបចំជាស្រេចនៅមុនថ្ងៃបោះឆ្នោត។  អ្នកបោះឆ្នោតតាមតម្រង់ជួរដោយមានរបៀបរៀបរយនៅថ្ងៃបោះឆ្នោត។

លោកគូសបញ្ជាក់ទៀតថា  ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បានរហូតទៅដល់ ៩៤.៨៤% បង្កភាពងាយស្រួល ដល់អ្នកបោះឆ្នោត។ មន្រ្តីការិយាល័យបោះឆ្នោត ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ។ ការរាប់សន្លឹកឆ្នោត មានតារាងកត់ត្រាត្រឹមត្រូវនៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍។ ភាគីឥណ្ឌាសប្បាយចិត្តចំពោះការប្រើប្រាស់ទឹកខ្មៅជ្រលក់លាងមិនជ្រះប្រើក្នុងការបោះឆ្នោត។ ភាគីឥណ្ឌាអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប កម្ពុជា និងប្រជាធិបតេយ្យ នៅកម្ពុជា។

លោក អាល់ស៊ីណូ ដឺអារ៉ូ បារីស (H.E.Mr. Alcino de Araujo Baris) សមាជិកគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសង្កេត ឃើញដែរថា ការត្រៀមរៀបចំបានល្អមុនថ្ងៃបោះឆ្នោត។ ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅល្អ និងគ្មានអំពើហិង្សា។ ការិយាល័យបោះឆ្នោតមានសណ្តាប់ធ្នាប់ របៀបរៀបរយ ប្រកបដោយវិជ្ជាជីវៈ។ ប្រព័ន្ធបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ស្រដៀងគ្នានឹងប្រព័ន្ធបោះឆ្នោតនៅ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

លោក នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះ អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិទាំងអស់ ហើយមានចំណាប់អារម្មណ៍ និងបានសង្ខេប ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន ២៣.៧៨៩ការិយាល័យ បានបើកដំណើរការទាំងអស់ ហើយអ្នកដែលបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស មានចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤.៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់។

លោកបានវាយតម្លៃថា ជាទូទៅការបោះឆ្នោតប្រកបដោយ សេរី យុត្តិធម៌ ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិភាព គ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយរលូន។ បន្ទាប់មកឯកឧត្តមបានផ្តល់ឱកាសដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះ មានចំណាប់អារម្មណ៍លើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧៕


អត្ថបទទាក់ទង