ភាពយឺតយ៉ាវប្រគល់ F-35 ឲ្យអតិថិជនក្នុងឆ្នាំនេះធ្វើឲ្យក្រុមហ៊ុនផលិតខាតបង់រាប់រយលានដុល្លារ
បរទេស ៖ សេចក្តីប្រកាសដែលធ្វើឡើងដោយក្រុមហ៊ុនអ្នកជំនាញផលិតអាវុធអាមេរិក Lockheed Martin កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមកបានឲ្យដឹងថា បញ្ហានៃការធ្វើទំនើបកម្មយន្តហោះចម្បាំងម៉ូដេលចុងក្រោយ F-35 នៅពេលបច្ចុប្បន្ននឹងនាំឲ្យផែនការនៃការប្រគល់ទំនិញជូនអតិថិជនក្នុងឆ្នាំ២០២៣នេះនឹងមានភាពយឺតយ៉ាវជាងការគ្រោងទុក។
Lockheed Martin បានអះអាងដែរថា បើមិនមានអ្វីប្រែប្រួលលើសពីនេះទេយន្តហោះចម្បាំងម៉ូដេល F-35 ចំនួនដល់ទៅ៥០គ្រឿងនឹងមិនអាចដឹកជញ្ជូនទៅកាន់ដៃអតិថិជនបានឡើយក្នុងឆ្នាំនេះ ហើយជាលទ្ធផលវាបានធ្វើឲ្យប្រាក់ចំណេញរបស់ខ្លួនត្រូវបាត់បង់់ក្នុងចំនួនដល់ទៅរាប់រយលានដុល្លារ។
គួរឲ្យដឹងដែរថា តាមគម្រោងឆ្នាំនេះក្រុមហ៊ុននឹងអាចប្រគល់យន្តហោះចម្បាំងប្រមាណ ១៤៧ ទៅ ១៥៧គ្រឿង ប៉ុន្តែដោយសារបញ្ហាបច្ចេកវិទ្យាផ្នែកទន់ ឬ Software ដែលមានឈ្មោះថា TR-3 របស់យន្តហោះបានធ្វើឲ្យពេលវេលានេះត្រូវខកខានទៅវិញដោយក្នុងនោះគិតត្រឹមរដ្ឋាភិបាលអាមេរិកប៉ុណ្ណោះបានបញ្ជាក់ហើយថានឹងមិនទទួលយកយន្តហោះ F-35 ណាដែលមិនទាន់ធ្វើទំនើបកម្មលើបច្ចេកវិទ្យា TR-3 រួចរាល់ទេនោះ។
ប្រធានប្រតិបតិ្តក្រុមហ៊ុន Lockheed Martin លោក Jim Taiclet បានថ្លែងថា ក្រុមហ៊ុនបានទំនាក់ទំនង និងសម្របសម្រួលជាមួយនឹងក្រុមអ្នកវិនិយោគ និងក្រុមអ្នកទិញរួចរាល់ហើយថាក្នុងឆ្នាំនេះ F-35 ដែលអាចដឹកជញ្ជូនចេញគឺមានត្រឹមតែពី ១០០ ទៅ ១២០គ្រឿងប៉ុណ្ណោះ ដោយសារការងារធ្វើទំនើបកម្មប្រព័ន្ធ TR-3។
ក្នុងនោះផងដែរ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Lockeed Martin លោក Jay Malave បានគូសបញ្ជាក់ថាភាពយឺតយ៉ាវប្រគល់យន្តហោះចម្បាំងតាមផែនការឆ្នាំនេះនឹងអាចធ្វើឲ្យក្រុមហ៊ុនបាត់បង់ចំណូលពី២១០ទៅ៣៥០លានដុល្លារហើយតិចឬច្រើនជាងនេះអាស្រ័យទៅនឹងល្បឿនជាក់ស្តែងនៃការដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជនរបស់ខ្លួន៕