ចង្ក្រានបរិស្ថាន ៖ ចំណាយអុសដុតតិច កាត់បន្ថយផ្សែងបានច្រើន
ជាទូទៅ យើងតែងតែបានឃើញចង្ក្រានពីរប្រភេទដែលមានការនិយមប្រើប្រាស់ច្រើនគឺ ចង្ក្រានប្រើអុស និងចង្ក្រានប្រើហ្គាស។ ចង្ក្រានទាំងពីរប្រភេទនេះ មានផលប៉ះពាល់រៀងៗខ្លួន ជាពិសេសទៅលើស្ត្រីមេផ្ទះ ដែលជាអ្នកនៅប្រចាំជាមួយផ្ទះបាយ។
សម្រាប់ចង្ក្រានប្រើអុស និយាយដោយឡែក គឺមានផលប៉ះពាល់ច្រើនណាស់ទាំងចំពោះបរិស្ថាន និងចំពោះសុខភាពស្ត្រីមេផ្ទះ តាមរយៈផ្សែងរបស់អុស។ ជាមួយគ្នានេះ ដើម្បីបានអុសដុត ចង់ ឬមិនចង់ គេត្រូវកាប់ឈើចេញពីព្រៃ ហើយការកាប់ឈើនេះតិច ឬច្រើនវាក៏ប៉ះពាល់បន្តទៅដល់ព្រៃឈើនៅកម្ពុជា។
ដោយឡែក ចង្ក្រានបរិស្ថាន ជាការកែច្នៃថ្មីមួយទៀតដែលជួយសម្រាលដល់បរិស្ថាន ក៏ដូចជាសុខមាលភាពអ្នក ប្រើប្រាស់ក្នុងផ្ទះបាយ។ ជាមួយនឹងលក្ខណៈពិសេសក្នុងការកាត់បន្ថយផ្សែងរហូតដល់ ៩៥% ចង្ក្រានប្រភេទនេះត្រូវបានគេហៅថាជា ចង្ក្រានឆ្លាតវៃ។
ចង្រ្កានប្រភេទនេះត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់លើបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យវាអាចទប់កម្ដៅបានយូរ ដើម្បីកាត់បន្ថយការប្រើអុសដុត។ ស្ថាប័នមេត្រីបរិស្ថានមួយដែលផ្ដោតសំខាន់លើការបង្កើតចង្ក្រានបរិស្ថាននេះ មានទីតាំងស្ថិតនៅភូមិជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងបានចាប់ផ្តើមឡើងក្នុងឆ្នាំ ២០២២ ។
លោក សេង ចាន់វាសនា ប្រធានផ្នែកលក់ប្រចាំស្ថាប័នមេត្រីបរិស្ថាន ACE បានឱ្យដឹងថា ចង្ក្រាននេះអាចប្រើប្រាស់បានរហូតដល់ ៨ ទៅ១០ឆ្នាំ ព្រមទាំងអាចទ្រទ្រង់ទម្ងន់បានរហូតដល់ ៨០គីឡូក្រាម ដែលល្អសម្រាប់អាជីវករលក់ដូរ។
មួយវិញទៀតសម្រាប់ចង្ក្រានបរិស្ថាន សេង ចាន់វាសនា បានឱ្យដឹងដែរថា វាអាចប្រើប្រាស់បានសម្រាប់ស្ទើតែគ្រប់កាកសំណល់ទាំងអស់ លើកលែងតែប្លាស្ទិក។ ម្យ៉ាងទៀត អ្នកប្រើប្រាស់អាចប្រើជាអុសធម្មតា ធ្យូង គ្រាប់ត្នោត ធាងត្នោត ត្រឡោកដូង ឬ ស្រកីដូងជាដើម។
សម្រាប់ការលក់វិញ លោក សេង ចាន់វាសនា បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ ចង្ក្រានបរិស្ថានកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ជាមធ្យមគឺយើងអាចលក់ចង្ក្រានប្រភេទនេះបានចន្លោះ ពី ២៥០គ្រឿង ទៅដល់ជាង ៣០០គ្រឿងក្នុងមួយខែ។»
ដោយឡែក មកទល់សព្វថ្ងៃនេះស្ថាប័នរបស់លោកបានផលិតចង្រ្កានជាង ១មុឺន ហើយសម្រាប់ចែកចាយក្នុងស្រុក។
យ៉ាងណាមិញ ក្រៅតែពីផលិតចង្ក្រានលក់ទៅ លោកក៏មានផលិតអុសបរិស្ថានដែលលោកបានសិក្សាស្រាវជ្រាវ ផលិតចេញពីកាកអំពៅផងដែរ ហើយជាមធ្យម ស្ថាប័នរបស់លោកអាចលក់អុសនេះបានចន្លោះពី ៣តោន-៥តោនក្នុងមួយខែ។
តាមរយៈសមិទ្ធិផលថ្មីនេះ លោករីករាយក្នុងការសហការជាមួយស្ថាប័នរដ្ឋ ក៏ដូចជាឯកជនក្នុងការធ្វើការរួមគ្នាដើម្បីបរិស្ថាន។ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ចង្ក្រានប្រភេទនេះឱ្យកាន់តែច្រើន ដើម្បីជួយបរិស្ថាន ក៏ដូចជាចំណេញសេដ្ឋកិច្ចគ្រួសារផ្ទាល់ខ្លួនផងដែរ៕