មេដឹកនាំអ៊ីរ៉ាក់បំពេញទស្សនកិច្ចនៅស៊ីរីលើកដំបូងក្រោយខកខានអស់រយៈពេលជាង១០ឆ្នាំ
បរទេស ៖ នាយរដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់លោក Mohammed Shia’ al-Sudani កាលពីថ្ងៃអាទិត្យបានធ្វើដំណើរមកដល់រដ្ឋធានីក្រុងដាម៉ាសប្រទេសស៊ីរីក្នុងនាមជាមេដឹកនាំអ៊ីរ៉ាក់លើកដំបូងដែលមានវត្តមានមកដល់ទឹកដីស៊ីរីគិតចាប់តាំងតែពីវិបត្តិកាលពី១២ឆ្នាំមុន។
លោកប្រធានាធិបតីស៊ីរី Bashar al Assad បានទទួលស្វាគមន៍វត្តមានរបស់លោក al Sudani ដោយផ្ទាល់នៅវិមានរបស់ប្រធានាធិបតីដោយមានទាំងការធ្វើសេចក្តីថ្លែងការណ៍រួមជាមួយនឹងក្រុមអ្នកកាសែតផងតាមរយៈការលើកឡើងអំពីប្រធានបទនៃកិច្ចពិភាក្សាជាច្រើនដែលមានដូចជាភាពសុទិដ្ឋិនិយមក្នុងដំណើរឆ្ពោះទៅមុខរបស់តំបន់អារ៉ាប់ចំពោះប្រទេសស៊ីរី។
ក្នុងស្ថានភាពដែលកំពុងរងផលប៉ះពាល់ដល់សេដ្ឋកិច្ចដូចគ្នានៅក្នុងប្រទេសទាំងពីរ លោក al-Sudani បានសង្កត់ធ្ងន់ថា គន្លឹះសំខាន់នៃស្ថិរភាពក្នុងតំបន់គឺជាការប្រឈមមុខធំជាងគេចំពោះមុខបញ្ហាសេដ្ឋកិច្ច ហើយជាលទ្ធផលមេដឹកនាំទាំងពីរក៏បានឯកភាពគ្នាបង្កើតយន្តការសម្របសម្រួលដើម្បីដោះស្រាយប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរគ្រឿងញៀននៅតាមព្រំដែនទាំង ២ ផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះដែរ លោក al-Sudani ក៏បានសម្តែងការគាំទ្ររបស់អ៊ីរ៉ាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីអាចនាំឲ្យមានទៅដល់ការដកទណ្ឌកម្មរបស់លោកខាងលិចទាំងស្រុងចេញពីប្រទេសស៊ីរី។
ដោយឡែក លោកប្រធានាធិបតី Assad បាននិយាយថា ដំណើរទស្សនៈកិច្ចរបស់ al-Sudani បាននឹងផ្តល់ឱកាសមួយក្នុងការឈានទៅដល់សម្រេចបាននូវជំហានដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរឡើងបន្ថែមទៀតទាំងនៅពេលបច្ចុប្បន្ន និងអនាគត៕