Close

កុមារកម្ពុជា ៤ រូបទៅចូលរួមកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC 2023) នៅប្រទេសជប៉ុន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កុមារកម្ពុជា ៤ រូបទៅចូលរួមកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC 2023) នៅប្រទេសជប៉ុន កុមារកម្ពុជា ៤ រូបទៅចូលរួមកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC 2023) នៅប្រទេសជប៉ុន

ភ្នំពេញ៖ ប្រតិភូកុមារកម្ពុជាចំនួន ៤រូប និងគ្រូដឹកនាំ១រូប នៅយប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ បាន ធ្វើដំណើរទៅកាន់ទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច (APCC 2023) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៥ ខែកក្កដា ឆ្នាំ២០២៣។

ការធ្វើដំណើរនេះ ដោយមានការជូនដំណើរដោយផ្ទាល់ពីសំណាក់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងអាណាព្យាបាល ។

កម្មវិធីនេះផ្តល់ឱកាសដល់កុមារក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិចដែលកើតចន្លោះពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ដើម្បីធ្វើការផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងគ្នារវាងកុមារមកពីប្រទេសផ្សេងៗក្នុងតំបន់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំវគ្គតម្រង់ទិសដល់ប្រតិភូយុវជនកម្ពុជាចំនួន ០៧រូបបន្ថែមទៀត  ដើម្បីត្រៀមខ្លួនក្នុងការចូលរួម «កម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន (JENESYS 2023)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី០២ សីហា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

កម្មវិធី JENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង ២១០៨នាក់ហើយតាំងពីឆ្នាំ២០០៧មក៕

អត្ថបទទាក់ទង