Close

រុស្ស៊ីចាត់ទុកវត្តមាន F-16 នៅអ៊ុយក្រែនស្មើកម្រិតគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ីចាត់ទុកវត្តមាន F-16 នៅអ៊ុយក្រែនស្មើកម្រិតគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ រុស្ស៊ីចាត់ទុកវត្តមាន F-16 នៅអ៊ុយក្រែនស្មើកម្រិតគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ

បរទេស៖ មួយរយៈចុងក្រោយនេះ ជាពិសេសនៅអំឡុងនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលប្រារព្ធធ្វើឡើងនៅក្នុងប្រទេសលីទុយនេស៊ីនោះទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តហាក់ដូចជាមិនមានភាពញញើតទៅនឹងប្រទេសរុស្ស៊ីឡើយក្នុងការបញ្ជាក់អំពីផែនការផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទ F-16 ទៅឲ្យប្រទេសអ៊ុយក្រែន។

ឆ្លើយតបទៅនឹងផែនការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបរបស់អាមេរិកជាលើកដំបូង និងផែនការក្នុងការហ្វឹកហាត់ពីឡុតអ៊ុយក្រែនក្នុងការបើកបរយន្តហោះចម្បាំងរបស់លោកខាងលិចនៅខែក្រោយនោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចេញមកព្រមានម្តងទៀតថារដ្ឋាភិបាលទីក្រុងមូស្គូនឹងចាត់ទុកថាអាវុធប្រភេទគឺជាអាវុថដែលអាចបង្កហានីភ័យ និងការគំរាមកំហែងដូចទៅនឹងអាវុធនុយក្លេអ៊ែរដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថារុស្ស៊ីមិនអាចរំលងបានឡើយចំពោះបច្ចេកវិទ្យា និងសមត្ថភាពរបស់ F-16 ដែលអាចបំពាក់គ្រាប់បែកនុយក្លេអ៊ែរបានយ៉ាងងាយនៅក្នុងពេលប្រតិបត្តិការដូច្នេះផែនការផ្គត់ផ្គង់យន្តហោះប្រភេទនេះនឹងធ្វើឲ្យមានការកើនឡើងកាន់តែខ្លាំងនូវកំដៅព្រមទាំងការប្រឈមមុខដាក់គ្នាជាមួយនឹងរុស្សីជាក់ជាមិនខានដែលច្បាស់ណាស់វានឹងបានត្រឹមនាំឲ្យកើតមានផលលំបាកឬមហន្តរាយដ៏គួរឲ្យសោកស្តាយទៅវិញនោះទេ។

លោក Lavrov ក៏បានបន្តទៀតថា៖កន្លងមកយើងបានជូនដំណឹងទៅកាន់មហាអំណាចដែលមានអាវុធនុយក្លេអ៊ែរដូចជាអាមេរិក អង់គ្លេស និងបារាំងហើយថារុស្ស៊ីមិនធ្វេសប្រហេសឡើយចំពោះសមត្ថភាពនៃយន្តហោះចម្បាំងបំពាក់អាវុធប្រល័យលោកទាំងនោះហើយក៏មិនចាំបាច់មានការធានាណាមួយពីលោកខាងលិចថា F-16 មិនមានសមត្ថភាពបែបនេះនោះដែរ។

រំលឹកដែរថា នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង Vilnius កាលពីថ្ងៃពុធទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា “នឹងអាចមានការផ្គត់ផ្គង់យន្តហោះចម្បាំងF-16 ទៅឲ្យអ៊ុយក្រែនពីសំណាក់បណ្តាប្រទេសអឺរ៉ុបដែលមានការផ្គត់ផ្គង់ច្រើនរួចទៅហើយនាពេលខាងមុខឆាប់ៗនេះ។

គួរឲ្យដឹងដែរថា មុននេះមួយថ្ងៃប្រទេស ដាណឺម៉ាកបានប្រកាសថា សម្ព័ន្ធមិត្ត ដែលរួមមានហូឡង់ បែលហ្សិក កាណាដា លុចសំបួ ន័រវេស ប៉ូឡូញ ប៉ទុយហ្គាល់ រូម៉ានី ចក្រភពអង់គ្លេស និងស៊ុយអែត បានសម្រេចចិត្តរួមគ្នាថា នឹងចាប់ផ្តើមបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនក្នុងការប្រើប្រាស់យន្តហោះចម្បាំងដែលផលិតនៅអាមេរិកនៅក្នុងខែសីហាខាងមុខនេះហើយ៕

អត្ថបទទាក់ទង