ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft គ្រោងកាត់បន្ថយបុគ្គលិកប្រមាណជា ៥ភាគរយ
(បរទេស)៖ ក្រុមហ៊ុន Microsoft Corp គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់បន្ថែមទៀតក្នុងសប្តាហ៍នេះ ជាមួយនឹងតួនាទីមួយចំនួនដែលត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងទៅលើផ្នែកធនធានមនុស្ស និងផ្នែកវិស្វកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
បើយោងតាមសារព័ត៌មាន Sky News របស់ចក្រភពអង់គ្លេសបានរាយការណ៍មកថា ក្រុមហ៊ុន Microsoft គ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ៥ភាគរយនៃបុគ្គលិកសរុបរបស់ខ្លួន ឬប្រហែល ១១,០០០នាក់។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនាឆ្នាំមុន Microsoft មានបុគ្គលិកធ្វើការពេញម៉ោងសរុបចំនួន ២២១,០០០នាក់ ដែលក្នុងនោះមានចំនួន ១២២,០០០នាក់នៅសហរដ្ឋអាមេរិក និង ៩៩,០០០នាក់ទៀតនៅក្រៅប្រទេស។
ជាមួយនឹងការកាត់បន្ថយក្នុងចំនួនដ៏ច្រើនលើកនេះ ប្រភពពី Bloomberg បានឱ្យលើកឡើងថា សប្តាហ៍នេះនឹងនាំដំណឹងអាក្រក់ដល់ផ្នែកវិស្វកម្មមុនគេ ខណៈដែលផ្នែកផ្សេងទៀតអាចនឹងមកដល់នៅពេលក្រោយ។ ទោះជាយ៉ាងណាក៏ដោយការបញ្ឈប់បុគ្គលិកជុំនេះទំនងមិនមែនជាលើកចុងក្រោយសម្រាប់ Microsoft នោះទេ តាមរយៈការលើកឡើងរបស់លោក Dan Romanoff ដែលជាអ្នកវិភាគនៅ Morningstar បានមើលឃើញថា «វានឹងកាន់តែបន្តអាក្រក់ទៅៗបន្តទៀត»។
គួរបញ្ជាក់ដែរថា ការបញ្ឈប់បុគ្គលិកជាច្រើននេះមិនមែនមានត្រឹមតែក្រុមហ៊ុន Microsoft ប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុន Amazon.com Inc និង Meta Platform Inc ក៏ទើបតែបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនផងដែរ ដែលជាការឆ្លើយតបទៅនឹងតម្រូវការធ្លាក់ចុះ រួមផ្សំទាំងស្សនវិស្ស័យសេដ្ឋកិច្ចពិភពលោកកាន់តែដុនដាបនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕