Close

ក្រុមទាហានស៊ីឈ្នួល Wagner ប្រគល់អាវុធទ្រង់ទ្រាយធំឲ្យរុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ក្រុមទាហានស៊ីឈ្នួល Wagner ប្រគល់អាវុធទ្រង់ទ្រាយធំឲ្យរុស្ស៊ី ក្រុមទាហានស៊ីឈ្នួល Wagner ប្រគល់អាវុធទ្រង់ទ្រាយធំឲ្យរុស្ស៊ី

បរទេស ៖ ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ីកាលពីថ្ងៃម្សិលមិញនេះបានប្រកាសថាក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានសម្រេចក្នុងការប្រគល់អាវុធចំនួនដ៏ច្រើនមួយមកឲ្យប្រទេសរុស្ស៊ីហើយក្រោយព្រឹត្តិការណ៍បះបោរក្នុងរយៈពេលខ្លីបំផុតកាលពីខែមិថុនាកន្លងទៅ។

សព្វាវុធដែលបានប្រគល់ក្នុងទ្រង់ទ្រាយធំនោះមានទាំងអាវុធធុនធ្ងន់ជាង២០០០គ្រឿង, គ្រាប់កាំភ្លើងជាង២៥០០តោន​ និងអាវុធធុនស្រាលជាង២០០០០ដើមផ្សេងទៀត។

ក្នុងបញ្ជីប្រគល់នោះក៏មានរួមទាំងរថក្រោះប្រភេទ T-90, T-80 និង T-72B3 ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត Grad and Uragan ប្រព័ន្ធបាញ់មីស៊ីល Pantsir ព្រមទាំងប្រព័ន្ធបាញ់គ្រាប់កាំភ្លើងធំ 2S2 Gvozdika ជាដើមផង។

បន្ថែមពីលើការរាប់ចំនួន និងបរិមាណអាវុធដែលផ្តល់ដោយក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់លោក Prigozhin ហើយនោះ ក្រសួងការពារជាតិរបស់រុស្ស៊ីក៏បានអះអាងដែរថា គ្រឿងបរិក្ខាររាប់សិបគ្រឿងមកដល់ពេលនេះមានសភាពថ្មីទាំងអស់ ពីព្រោះថាមិនដែលប្រើក្នុងការប្រយុទ្ធណានោះឡើយទេ។

ក្រសួងបានបន្តទៀតថា ៖ គ្រឿងបរិក្ខារ និងសព្វាវុធទាំងអស់នឹងត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងដែលបានរៀបចំរួចជាស្រេចមួយ ដែលជាកន្លែងជួសជុល និងផលិតឡើងវិញនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីដំណើរការអនុវត្តការថែទាំ និងរៀបចំពួកវាឡើងវិញសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការផ្សេងទៀតនៃកងកម្លាំងយោធារុស្សី។

រំលឹកដែរថា ព្រឹត្តិការណ៍បះបោរដោយកងម្លាំងយោធានៃក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានធ្វើឡើងកាលពីខែមុនត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះក៏ត្រូវបានរំសាយចោលទៅវីញក្រោមកិច្ចសម្របសម្រួលរបស់លោកប្រធានាធិបតីបេឡារូសហើយជាថ្នូរនឹងការដោះលែងប្រធានក្រុមហ៊ុនលោក Prigozhin និងនិរទេសរូបលោកព្រមទាំងទាហានមួយចំនួនទៅកាន់ប្រទេសបេឡារូសផង៕

អត្ថបទទាក់ទង