គុយបា រំលឹកព្រឹត្តិការណ៍ចលាចលកាលពីឆ្នាំ២០២១ និងចង្អុលចំៗថាអាមេរិកជាអ្នកបង្កហេតុ
បរទស ៖ មកទល់ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននៅតែបន្តធ្វើការទាមទារឲ្យរដ្ឋាភិបាលរបស់ប្រទេសគុយបាក្នុងការដោះលែងមនុស្សប្រមាណជា៧០០នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ចលាចលដ៏ធំមួយនៅក្នុងប្រទេសដែនកោះមួយនេះកាលពីឆ្នាំ២០២១។
កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះនៅលើទំព័រមុខនៃសារព័ត៌មានរដ្ឋរបស់ប្រទេសគុយបាបានធ្វើការសរសេរចំណងជើង និងអត្ថបទបែបស្តីបន្ទោសធ្ងន់ៗទៅឲ្យសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍តវ់ាប្រឆាំងដ៏ធំមួយដែលបានរីករាលដាលស្ទើរពាសពេញប្រទេសកាលពី២ឆ្នាំមុន។
អត្ថបទនោះបានសរសេររៀបរាប់ថា ៖សហរដ្ឋអាមេរិកដែលជាអ្នកបានរៀបចំផែនការក្នុងការបង្កការរំខានដល់សង្គមរបស់គុយបាកាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ពោលគឺមានរយៈពេល២ឆ្នាំហើយសម្រាប់ខួបនៃព្រឹត្តិការណ៍ដ៏អាក្រក់នេះ។
គុយបាបានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនគឺជាអ្នករៀបចំ និងចំណាយលុយយ៉ាងច្រើនទៅឲ្យពលរដ្ឋគុយបាទាំងឡាយដែលបានចូលរួមក្នុងសកម្មភាពធ្វើឲ្យចលាចលនៅក្នុងប្រទេសចាប់រាប់តាំងពីការប៉ះទង្គិចគ្នាការលួចការប្លន់ និងសកម្មភាពហិង្សាផ្សេងទៀតក្នុងអំឡុងពេល២ថ្ងៃនេះ។
គួររំលឹកថា កាលពីខែកក្កដាឆ្នាំ២០២១ពលរដ្ឋគុយបានៅតាមតំបន់នានាចំនួនប្រមាណជា៥១ទីក្រុងបាននាំគ្នាចូលរួមធ្វើការតវ៉ាប្រឆាំងដ៏ធំមួយទាមទារសេរីភាពពីរដ្ឋាភិបាលគុយបាដែលជាលទ្ធផលវាបានត្រឹមធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះកាន់តែខ្លួនទៅក្នុងវិបត្តិសេដ្ឋកិច្ចទោះបីជាបានប្រឈមមុខទៅនឹងទុក្ខលំបាកដោយសារទណ្ឌកម្មអន្តរជាតិ ជាពិសេសអាមេរិកអស់រយៈពេល៣ទសវត្សរ៍កន្លងមកហើយក្តី៕