Close

អបអរសាទរ ! សិស្សតំណាងកម្ពុជាឈ្នះមេដាយមាស ១ និងប្រាក់ ២ ពីការប្រកួតនៅសឹង្ហបុរី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អបអរសាទរ ! សិស្សតំណាងកម្ពុជាឈ្នះមេដាយមាស ១ និងប្រាក់ ២ ពីការប្រកួតនៅសឹង្ហបុរី អបអរសាទរ ! សិស្សតំណាងកម្ពុជាឈ្នះមេដាយមាស ១ និងប្រាក់ ២ ពីការប្រកួតនៅសឹង្ហបុរី

ភ្នំពេញ៖ សិស្សានុសិស្សតំណាងប្រទេសកម្ពុជាចំនួន ៥ នាក់ មកពីវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក ទទួលបាននូវមេដាយមាសជាលក្ខណៈបុគ្គលចំនួន ០១ លើការប្រកួតប្រជែងក្នុងកម្មវិធី SEAMEO-Singapore Students Challenge និងមេដាយប្រាក់ចំនួន០២ ក្នុងការប្រកួតប្រជែងផ្នែក STEM នៅក្នុងប្រទេសសឹង្ហបុរី។

សិស្សានុសិស្សកម្ពុជា ទាំង៥រូបនោះបានត្រលប់មកប្រទេសកម្ពុជាវិញ នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីចូលរួមកម្មវិធី SEAMEO-Singapore Students Challenge ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសឹង្ហបុរី។

សិស្សានុសិស្ស ដែលជាតំណាងប្រទេសកម្ពុជា រួមទាំងគ្រូដឹកនាំ បានខិតខំប្រឹងប្រែង ប្រកួតប្រជែង បង្ហាញសមត្ថភាពក្នុងនាមជាយុវជនកម្ពុជា ក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់តំបន់នេះ និងបានបង្ហាញនូវភាពស្វាហាប់ ភាពវ័យឆ្លាត និងភាពច្នៃប្រឌិតរបស់ខ្លួនក្នុងកម្មវិធីប្រកួតនេះ ដោយទទួលបាននូវមេដាយមាសជាលក្ខណៈបុគ្គល ចំនួន ០១ និងមេដាយប្រាក់ចំនួន០២ ក្នុងការប្រកួតប្រជែងផ្នែក STEM ។

កម្មវិធី SEAMEO-Singapore Students Challenge ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ នៃប្រទេសសឹង្ហបុរី សហការជាមួយលេខាធិការដ្ឋាន SEAMEO ក្នុងគោលបំណងលើកកម្ពស់បំណិនសតវត្សទី២១ ដល់សិស្សវិទ្យាល័យ ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង និងវប្បធម៌ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង បង្កើតបណ្តាញយុវជនក្នុងតំបន់ សម្រាប់ការផ្លាស់ប្តូរគំនិត និងជំរុញភាពច្នៃប្រឌិតក្នុងចំណោមសិស្សវិទ្យាល័យក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ផងដែរថា សិស្សានុសិស្ស តំណាងប្រទេសនីមួយៗ ដែលចូលរួមការប្រកួតប្រជែងនៅប្រទេសសឹង្ហបុរីនេះ ត្រូវបានជ្រើសរើសពីការប្រកួតប្រជែងក្នុងចំណោមវិទ្យាល័យ/អនុវិទ្យាល័យចំនួន១០ក្នុងប្រទេសរបស់ខ្លួន៕

អត្ថបទទាក់ទង