Close

យោធាអ៊ីស្រាអ៊ែលចាប់ផ្តើមដកកម្លាំងវិញក្រោយប្រតិបត្តិការទ្រង់ទ្រាយធំនៅជុំរំភៀសខ្លួនប៉ាឡេស្ទីន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
យោធាអ៊ីស្រាអ៊ែលចាប់ផ្តើមដកកម្លាំងវិញក្រោយប្រតិបត្តិការទ្រង់ទ្រាយធំនៅជុំរំភៀសខ្លួនប៉ាឡេស្ទីន យោធាអ៊ីស្រាអ៊ែលចាប់ផ្តើមដកកម្លាំងវិញក្រោយប្រតិបត្តិការទ្រង់ទ្រាយធំនៅជុំរំភៀសខ្លួនប៉ាឡេស្ទីន

បរទេស ៖ គិតត្រឹមយប់ថ្ងៃអង្គារដើមសប្តាហ៍កន្លងមកនេះកងកម្លាំងយោធានៃប្រទេសអ៊ីស្រាអ៊ែលបានសម្រេចចិត្តក្នុងការដកថយមកវិញចេញពីទីក្រុង Jenin តំបន់ភាគខាងជើងនៃតំបន់ West Bankនិងទីតាំងនៃជំរុំភៀសខ្លួនរបស់ជនប៉ាឡេស្ទីន។

ប្រភពបានអះអាងទាំងភាគីអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនបានបញ្ជាក់ដូចគ្នាអំពីការដកកងកម្លាំងរបស់កម្លាំងយោធាក្រោយប្រតិបត្តិការទ្រង់ទ្រាយធំអស់រយៈពេល២ថ្ងៃកន្លងមកដោយក្នុងនោះអ៊ីស្រាអ៊ែលបានគ្រប់គ្រងទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខចំនួនរបស់ទីក្រុង Jenin នៅភាគខាងជើង និងភាគខាងលិច។

វិទ្យុក្នុងស្រុករបស់អ៊ីស្រាអ៊ែលបានរាយការណ៍ថាកងកម្លាំងយោធាអ៊ីស្រាអ៊ែលដែលមានការគាំទ្រពីកងកម្លាំងរថយន្តយោធាផងនោះបានចាប់ផ្តើមដកកម្លាំងចេញពីគោលដៅទាំងដែលការបាញ់ប្រហារដាក់គ្នានៅតែមានភាពតានតឹងនៅឡើយជាមួយនឹងក្រុមសកម្មប្រយុទ្ធរបស់ប៉ាឡេស្ទីន។

ជាលទ្ធផលប្រតិបត្តិការដោយយោធាទៅលើទីតាំងជនភៀសខ្លួនដែលសំបូរទៅដោយជនប៉ាឡេស្ទីនរយៈពេល២ថ្ងៃកន្លងមកនេះបានបណ្តាលឲ្យជនប៉ាឡេស្ទីនបាត់បង់ជីវិតសរុបប្រមាណជា១៣នាក់ និងរបួសយ៉ាងហោចណាស់១៥០នាក់ដែលក្នុងនោះមាន៣០នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

វិដេអូឃ្លីបជាច្រើនបានបង្ហាញថា ក្រៅពីបាត់បង់ជីវិតពលរដ្ឋស៊ីវិលជាច្រើនហើយនោះលំនៅដ្ឋានជាច្រើនខ្នងហាងលក់ទំនិញផងផ្លូវថ្នល់ព្រមទាំងប្រព័ន្ធផ្គត់ផ្គង់ទឹកនិងអគ្គិសនីជាច្រើនត្រូវបានបំផ្លាញផងដែរនៅក្នុងប្រតិបត្តិការដោយយោធាលើកនេះ។

គួរឲ្យដឹងដែរថា ប្រតិបត្តិការយោធារយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃចន្ទមានការចូលរួមដោយកម្លាំងយោធាអ៊ីស្រាអ៊ែលរាប់រយនាក់ព្រមទាំងមានការប្រើប្រាស់ដ្រូនប្រយុទ្ធយ៉ាងច្រើនផងត្រូវបានចាត់ទុកថាជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់ West Bank ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះដែលអ៊ីស្រាអ៊ែលបានអះអាងថាធ្វើឡើងគឺដើម្បីកំចាត់ក្រុមសកម្មភាពប្រយុទ្ធអ៊ីស្លាមនិយមដូចជា Jihadនិង Hamas ផង៕

អត្ថបទទាក់ទង