អាមេរិកបញ្ជាទិញមីស៊ីលប្រភេទ AMRAAM តម្លៃជាង១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន
បរទេស ៖ របាយការណ៍ដែលត្រូវបានប្រកាសដោយក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា កងកម្លាំងទ័ពអាកាសបានធ្វើការបញ្ជាទិញមីស៊ីលប្រភេទ AMRAAM ដែលមានតម្លៃរហូតទៅដល់១,១៥ពាន់លានដុល្លារដើម្បីទុកផ្គត់ផ្គង់ឲ្យទៅប្រទេសអ៊ុយក្រែន។
ការបញ្ជាទិញពីក្រុមហ៊ុនផលិតអាវុធក្នុងស្រុក Raytheon នូវមីស៊ីលដែលមានសមត្ថភាពពិសេសទាំងការវាយប្រហារលើអាកាស និងវាយប្រហារលើទីតាំងផ្ទាល់ដី ហើយនៅគ្រប់កាលៈទេសៈទាំងយប់ថ្ងៃ ឬក្នុងស្ថានភាពអាកាសធាតុបែបណាក្តី។
ក្នុងនោះគេសង្កេតឃើញមានផងដែរនូវមីស៊ីលម៉ូដេល AIM-120 AMRAAM ដែលជាធម្មតាគេហៅថាឈ្មោះវាថា The Slammer ។ មីស៊ីលម៉ូដេលនេះអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធបាញ់មីស៊ីលដែលផលិតនៅន័រវេសប្រភេទ NASAMS ហើយបច្ចុប្បន្នអ៊ុយក្រែនគឺមាននៅក្នុងស្តុករួចទៅហើយតាមរយៈការផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដូចគ្នានេះកាលពីលើកមុន។
នៅក្នុងកុងត្រានេះផងដែរអ៊ុយក្រែនក៏នឹងអាចទទួលបាននូវមីស៊ីលម៉ូដេលចុងក្រោយនៃ AMRAAM គឺ AIM-120 D-3 និងមីស៊ីលម៉ូដេល C-8 AMRAAM ដែលមីស៊ីលទាំងនេះកំពុងត្រូវបានប្រើប្រាស់ដោយកងកម្លាំងទ័ពអាកាសអាមេរិកកងទ័ពជើងទឹកអាមេរិក ក៏ដូចជាប្រទេសចំនួន១៨ផ្សេងទៀតផងដែរ៕