រោងចក្រផលិតដ្រូនប្រយុទ្ធរបស់រុស្ស៊ីដែលគាំទ្រដោយអ៊ីរ៉ង់ត្រៀមដំណើរការនៅឆ្នាំក្រោយ
បរទេស៖ សហរដ្ឋអាមេរិកថ្មីៗនេះបានអះអាងថារោងចក្រផលិតយន្តហោះចម្បាំងគ្មានមនុស្សបើកឬដែលយើងហៅថាដ្រូនប្រយុទ្ធថ្មីមួយកន្លែងរបស់រុស្ស៊ីដែលមានការគាំទ្រពីក្រោយដោយអ៊ីរ៉ង់នោះនឹងអាចបញ្ចប់ការសាងសង់ ហើយប្រតិបត្តិការផលិតជាផ្លូវការនៅឆ្នាំក្រោយនេះហើយ។
ជាការលើកឡើងដោយប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីចុងសប្តាហ៍កន្លងមកនេះបានបញ្ជាក់ថា អ៊ីរ៉ង់បានខិតខំយ៉ាងខ្លាំងក្នុងការជួយគាំទ្រពីក្រោយដល់ប្រទេសរុស្ស៊ីដែលមានដូចជាការដឹកជញ្ជូនវត្ថុធាតុដើមតាមនាវា និងជំនាញនៃការផលិតដ្រូនផងដែរ។
កន្លងមកសហរដ្ឋអាមេរិកបានចោទរុស្ស៊ីថា បានទទួលកិច្ចសហការពីសំណាក់រដ្ឋាភិបាលទីក្រុងតេហរ៉ង់ក្នុងការបញ្ជូនយន្តហោះដ្រូនប្រយុទ្ធអត្តឃាតជាច្រើនរយគ្រឿងរួចមកហើយចាប់តាំងតែពីរដូវក្តៅឆ្នាំមុនទៅឲ្យកងកម្លាំងយោធារុស្ស៊ីក្នុងប្រតិបត្តិការលុកលុយប្រទេសអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានពន្យល់ប្រាប់ទៅកាន់បណ្តាក្រុមអ្នកយកព័ត៌មានអន្តរជាតិថា អ៊ីរ៉ង់បានប្រើប្រាស់ច្រកសមុទ្រ Caspian sea ដើម្បីធ្វើការដឹកជញ្ជូនទាំងដ្រូនផង គ្រាប់កាំភ្លើងផង និងគ្រាប់កាំភ្លើងធំផងដែរទៅឲ្យប្រទេសរុស្ស៊ីដែលជាទូទៅតាមរយៈនាវាដឹកជញ្ជូនមួយប្រភេទដែលអាចគេចចេញពីការតាមដានសញ្ញាដោយក្រុមអ្នកគ្រប់គ្រងផ្លូវនាវាចរណ៍អន្តរជាតិ។
ប្រភពដដែលនេះបន្តអះអាងទៀតថា រោងចក្រផលិតដ្រូនថ្មីរបស់រុស្ស៊ីនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ Alabuga ដែលស្ថិតនៅចំងាយប្រមាណជា៦០០ម៉ាលភាគខាងកើតនៃទីក្រុងមូស្គូ៕