Close

IMF ព្រមានពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកល

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
IMF ព្រមានពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកល IMF ព្រមានពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកល

បរទេស ៖ តាមប្រភពព័ត៌មានពីរ៉យទ័រ បានឱ្យថឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ រហូតដល់ប្រមាណ ៧ ភាគរយ និងអាចប៉ះពាល់យ៉ាងខ្លាំងសម្រាប់បណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។

IMF បានបញ្ជាក់ថា បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ២០០៨ និង ឆ្នាំ២០០៩ គេកត់សម្គាល់ឃើញថាលំហូរទំនិញ និងមូលធនសកលបានធ្លាក់ចុះ ខណៈពេលដែលមានការកើនឡើងនៃការរឹតបន្តឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចនៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ការរាតត្បាតនៃកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិយ៉ាងខ្លាំង និងបង្កើនភាពមិនប្រក្រតីនៃសកលភាវូបនីយកម្ម។

យោងទៅតាមប្រភពដដែល បានលើកឡើងថា ភាពរង្គោះរង្គើរនៃទំនាក់ទំនងពាណិជ្ជកម្មអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសមានចំណូលទាប និងអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចជឿនលឿន។ ការដាក់កំហិតលើការធ្វើចំណាកស្រុកឆ្លងដែននឹងប៉ះពាល់សេដ្ឋកិច្ចប្រទេសជាម្ចាស់ផ្ទះ ដោយសារវាបានកាត់បន្ថយការផ្ទេរប្រាក់នៅក្នុងសេដ្ឋកិច្ចរបស់ពួកគេ។ ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនឹងធ្វើឱ្យការផ្តល់ទំនិញសាធារណៈសំខាន់ៗជាសកលប្រឈមនឹងហានិភ័យ ខណៈដែលការធ្លាក់ចុះនៃលំហូរមូលធននឹងកាត់បន្ថយការវិនិយោគផ្ទាល់ពីបរទេស។

ជាមួយគ្នានេះ ការចុះខ្សោយនៃទំនាក់ទំនងអន្តរជាតិខាងផ្នែកពាណិជ្ជកម្ម ក៏អាចនាំឱ្យមានការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ចខ្ពស់ វិបត្តិកាន់តែធ្ងន់ធ្ងរ និង សម្ពាធកាន់តែខ្លាំងលើប្រទេសនីមួយៗ។ ការធ្លាក់ចុះនៃប្រទេសសេដ្ឋកិច្ចធំនឹងធ្វើឲ្យពួកគេពិបាកក្នុងការជួយដល់ប្រទេសដែលមានវិបត្តិ ឬ ប្រទេសក្រីក្រ ដែលវានឹងបង្កើនភាពស្មុគស្មាញកាន់តែច្រើន និងឈានដល់ការដោះស្រាយវិបត្តិបំណុលនាពេលអនាគតផងដែរ៕

អត្ថបទទាក់ទង