Close

ក្រសួងសាធារណការ ជំរុញឲ្យមានការប្រើសេវាដឹកជញ្ជូនសាធារណ:ឲ្យច្រើន ដើម្បីកាត់បន្ថយចំណាយ និងបន្ថយការបំពុលបរិស្ថាន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងសាធារណការ ជំរុញឲ្យមានការប្រើសេវាដឹកជញ្ជូនសាធារណ:ឲ្យច្រើន ដើម្បីកាត់បន្ថយចំណាយ និងបន្ថយការបំពុលបរិស្ថាន ក្រសួងសាធារណការ ជំរុញឲ្យមានការប្រើសេវាដឹកជញ្ជូនសាធារណ:ឲ្យច្រើន ដើម្បីកាត់បន្ថយចំណាយ និងបន្ថយការបំពុលបរិស្ថាន

ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន ជាមតិលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណត។

លោក តូច សុថារិទ្ធ អគ្គនាយករង តំណាងឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សមាគមក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ មន្ត្រីពាក់ព័ន្ធនៃមន្ទីរសាធារណការ និងដឹកជញ្ជូនសរុបប្រមាណជាង ៥០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងរកមតិយោបល់ ក៏ដូចជាធាតុចូលសម្រាប់ការការធ្វើឱ្យប្រសើរឡើងដល់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យឈានសម្រេចប្រតិបត្តិការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងកម្មវិធីបើក លោកអគ្គនាយករង បានគូសបញ្ជាក់ពីសមិទ្ធិផលថ្មីៗ ជាច្រើនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតាមបណ្តាខេត្ត ជាពិសេស ក្នុងខេត្តព្រះសីហនុ គម្រោងផ្លូវ៣៧ខ្សែ និងខេត្តសៀមរាប គម្រោងផ្លូវ៣៨ខ្សែ ក៏ដូចជាសមិទ្ធិផលផ្លូវសំខាន់ៗជាច្រើនទៀត តភ្ជាប់ប្រទាក់ក្រឡាពីតំបន់ប៉ូលសេដ្ឋកិច្ចនីមួយៗ។

លោកបានបន្ថែមថាក្រៅពីសមិទ្ធិផលទាំងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បាននឹងកំពុងសិក្សារៀបចំនីតិវិធីសម្រាប់អនុវត្តគម្រោងថ្មីបន្ថែមទៀត ក្នុងនោះរួមមាន៖ គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនពីរខ្សែបន្ថែមទៀត គម្រោងស្ពានឆ្លងទន្លេបាសាក់-ទន្លេសាប គម្រោងរថភ្លើងល្បឿនលឿនដឹកទំនិញ និងអ្នកដំណើរ គម្រោងរថភ្លើងលើអាកាស(AGT) រថភ្លើងMonorail និងរថភ្លើងក្រោមដី គម្រោងE-Bus គម្រោងដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ជាដើម។ល។

ជាមួយគ្នានោះផងដែរ លោកអគ្គនាយករង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ជាមធ្យោបាយត្រឹមត្រូវជួយឱ្យបរិស្ថានកាន់តែមានភាពល្អប្រសើរ កាត់បន្ថយការប្រើប្រាស់ និងការចំណាយថវិកាលើថ្លៃប្រេងឥន្ទនៈ កាត់បន្ថយឧស្ម័នបំពុលបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និង បានជួយបង្កើតសមធម៌សង្គមជូនដល់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ទាំងអ្នកមានធនធាន និងអ្នកមានធនធានតិចតួច ជាសេវាកម្មដ៏សំខាន់សម្រាប់សង្គម និងបង្កើនទំនាក់ទំនងក្នុងសង្គម ជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរដែលអាចសម្រួលដល់ការបម្លាស់ទីរបស់ប្រជាពលរដ្ឋ ឬការដឹកជញ្ជូនទំនិញធុនស្រាល មានភាពងាយស្រួល និងកាត់បន្ថយការកកស្ទះតាមដងផ្លូវផងដែរ។

ជាទីបញ្ចប់ លោកអគ្គនាយករង បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលស្វែងយល់នូវការធ្វើបទបង្ហាញរបស់គ្រូបង្គោល ដែលជាអ្នកជំនាញ និងស្នើឱ្យមានការចូលរួមពិភាក្សា ផ្ដល់មតិយោបល់ឱ្យបានផុសផុល សម្រាប់ជាធាតុចូលដើម្បីឱ្យពង្រាងឯកសារពាក់ព័ន្ធដែលលើកយកមកពិភាក្សាមានអត្ថន័យខ្លឹមសារពេញលេញគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណាផ្តល់សុវត្ថិភាព និងផាសុកភាពដល់អ្នកដំណើរ សន្សំសំចៃពេលវេលានិងថវិកា កាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈ កាត់បន្ថយឧស្ម័នពុលក្នុងបរិស្ថាន និងជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។

គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងតាមអនុសាសន៍ណែនាំខ្ពង់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណាឱ្យបានធាតុចូលពីគ្រប់ភាគីកាន់តែច្រើន និងគ្រប់គ្រាន់ សម្រាប់សេចក្តីព្រាងអនុក្រឹត្យខាងលើ ក៏ធានាបានថានៅពេលអនុវត្តទទួលបាននូវប្រសិទ្ធភាព និងគណនេយ្យភាព ដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋផងដែរ៕



អត្ថបទទាក់ទង