Close

រដ្ឋាភិបាលប៉េកាំងបដិសេធទាំងយប់សំណើសុំជួបចរចាដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលប៉េកាំងបដិសេធទាំងយប់សំណើសុំជួបចរចាដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលប៉េកាំងបដិសេធទាំងយប់សំណើសុំជួបចរចាដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកមួយរយៈចុងក្រោយនេះបានខិតខំយ៉ាងខ្លាំងក្នុងការរៀបចំជំនួបផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu។ ប៉ុន្តែគួរសោកស្តាយប្រទេសចិនបានធ្វើការបដិសេធសំណើដោយអាមេរិកក្នុងការស្នើសុំឲ្យមានជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ទាំងពីរនៅក្នុងសប្តាហ៍នេះ។

ការបញ្ជាក់អះអាងដែលធ្វើឡើងដោយមន្ទីរប៉ង់តាហ្គោនបានឲ្យដឹងទៀតដែរថា៖ទាំងកណ្តាលយល់កងកម្លាំងយោធារបស់ចិនបានធ្វើការជូនដំណឹងដល់ភាគីអាមេរិកថាជំនួបដែលរៀបចំឡើងដោយអាមេរិកនៅក្នុងប្រទេសសិង្ហបុរីនោះគឺនឹងមិនអាចធ្វើទៅបានឡើយ។

ដំណឹងនេះត្រូវបានគេមើលឃើញថាបានកើតឡើងនៅចំពេលដែលទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងកំពុងជួបភាពរកាំរកូសសាជាថ្មីចំពោះបញ្ហាជាច្រើនរួមទាំងជម្លោះនៅអ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់ផង។

ទោះបីជាយ៉ាងណាក្តីក្រសួងការពារជាតិរបស់អាមេរិកក៏នៅតែបានបង្ហាញជំនឿចិត្តយ៉ាងមុតម៉ាំថាកិច្ចខិតខំរក្សាឲ្យបាននូវទំនាក់ទំនងរវាងយោធានៃប្រទេសចិននិងអាមេរិកនោះគឺជាការធានាឲ្យបានថាការប្រកួតប្រជែងទាំងឡាយនឹងមិនអាចក្លាយទៅជាជម្លោះរវាងគ្នាដាច់ខាត។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍កន្លងមកមន្ទីរប៉ង់តាហ្គោនក៏បានបញ្ជាក់ដែរថាក្រុមការងារបានព្យាយាមក្នុងការបង្កើតឲ្យបានូវជំនួបទំនាក់ទំនងគ្នារវាងចិន និងអាមេរិកអស់រយៈពេលជាច្រើនខែកន្លងមកហើយ ប៉ុន្តែនៅមិនទាន់បានទទួលលទ្ធផលណាមួយនៅឡើយ៕

អត្ថបទទាក់ទង