Close

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)” កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល។ នៅឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាននិងឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ៖«សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។

សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្តនៃការ កែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច៕

អត្ថបទទាក់ទង