Close

ចិនចោទប្រកាន់ជប៉ុនថាកំពុងធ្វើយុទ្ធនាការលាបពណ៌

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិនចោទប្រកាន់ជប៉ុនថាកំពុងធ្វើយុទ្ធនាការលាបពណ៌ ចិនចោទប្រកាន់ជប៉ុនថាកំពុងធ្វើយុទ្ធនាការលាបពណ៌

បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន លោក Sun Weidong បានធ្វើការកោះហៅអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិន លោក Hideo Tarumi កាលពីចុងសប្តាហ៍កន្លងដើម្បីឲ្យធ្វើការបកស្រាយបញ្ហាចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

លោក Sun បានថ្លែងប្រាប់ទៅកាន់កាសែត CGTN ថា ជប៉ុនដែលបច្ចុប្បន្នមានកាតព្វកិច្ចជាប្រធានប្តូរវេននៃកិច្ចប្រជុំកំពូលមហាអំណាចទាំង៧ឬ G7 បានគាំទ្រ និងចូលដៃគ្នាជាមួយនឹងប្រទេសលោកខាងលិចក្នុងយុទ្ធនាការលាបពណ៌ និងវាយប្រហារមកលើប្រទេសចិន ក៏ដូចជាការព្យាយាមចូលជ្រៀតជ្រែងក្នុងកិច្ចការងារផ្ទៃក្នុងរបស់ចិនផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បានទទូចដែរថា សមាជិក G7 គួរតែបញ្ឈប់ការបង្កហេតុនិងការបង្កើតបញ្ហាប្រឈមមុខដាក់គ្នាតទៅទៀត ពីព្រោះថាភាគីខាងរដ្ឋាភិបាលក្រុងប៉េកាំងពិតជាមិនពេញចិត្តនឹងទង្វើបែបនេះឡើយ ហើយនឹងបន្តប្តេជ្ញាចិត្តប្រឆាំងសកម្មភាពនេះជានិច្ច។

គួរឲ្យដឹងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍ជារួមដែលធ្វើឡើងក្រោយកិច្ចប្រជុំនៃមេដឹកនាំ G7 មកពួកគេបានសម្រេចធ្វើការប្រកាសចោទប្រកាន់ចិនទៅលើករណីជាច្រើនបូករួមទាំងការបង្ខិតបង្ខំក្នុងវិស័យសេដ្ឋកិច្ចបញ្ហារំលោភបំពានសិទ្ធិមនុស្ស ជាពិសេសបញ្ហានៅកោះតៃវ៉ាន់ផងដែរ។

ទោះបីជាយ៉ាងណាក្តីនៅក្រោយការកោះហៅនេះភាគីខាងស្ថានទូតជប៉ុនក៏បានចេញសេចក្តីថ្លែងការណ៍ដែរថាលោក Tarumi​ បានពន្យល់ប្រាប់ទៅកាន់លោក Sun អំពីកង្វល់របស់មេដឹកនាំនៅ G7 ហើយហៅការសន្និដ្ឋានរួមនោះគឺជាការពិត និងត្រឹមត្រូវ ថែមទាំងព្រមានថា G7 នឹងនៅតែបន្តលើកឡើងបែបនេះម្តងទៀតប្រសិនបើប្រទេសចិនមិនព្រមផ្លាស់ប្តូរឥរិយាបថនោះទេ៕

អត្ថបទទាក់ទង