Close

អ៊ីស្រាអ៊ែល កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីជម្លោះនៅអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ីស្រាអ៊ែល កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីជម្លោះនៅអ៊ុយក្រែន អ៊ីស្រាអ៊ែល កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីជម្លោះនៅអ៊ុយក្រែន

បរទេស៖ ថ្វីត្បិតតែរដ្ឋាភិបាលប្រទេសអ៊ីស្រាអ៊ែលមិនអាចធ្វើការផ្គត់ផ្គង់អាវុធដោយផ្ទាល់ទៅកាន់ប្រទេសអ៊ុយក្រែនបានក្នុងគ្រាមានជម្លោះជាមួយនឹងរុស្ស៊ីបែបនេះ ប៉ុន្តែវាកំពុងបានក្លាយទៅជាឱកាសយ៉ាងច្រើនសម្រាប់បណ្តាក្រុមហ៊ុនអ្នកផ្គត់ផ្គង់អាវុធរបស់អ៊ីស្រាអ៊ែលក្នុងការលក់អាវុធចូលក្នុងទីផ្សារសកល ជាពិសេសអឺរ៉ុប។

បណ្តាប្រទេសអឺរ៉ុបកំពុងធ្វើការផ្គត់ផ្គង់ និងគាំទ្រសព្វាវុធយ៉ាងច្រើនទៅឲ្យប្រទេសអ៊ុយក្រែនខណៈដែលស្តុករបស់ខ្លួនឯងកំពុងត្រូវការចាក់បំពេញមកវិញ ដូច្នេះវាបានក្លាយទៅជាកត្តាដែលនាំមានតំរូវការក្នុងការបញ្ជាទិញអាវុធយ៉ាងច្រើនផងដែរនៅពាសពេញប្រទេសក្នុងតំបន់អឺរ៉ុប ហើយក្នុងនោះក្រុមហ៊ុនផលិតអាវុធរបស់អ៊ីស្រាអ៊ែលដល់ទៅ៣កំពុងសម្ងំកើបលុយពីទីផ្សារនេះ។

ក្រុមហ៊ុនទាំង៣របស់អ៊ីស្រាអ៊ែលដែលមានដូចជា Rafael Advanced Defense Systems ក្រុមហ៊ុន Israel Aerospace Industries និងក្រុមហ៊ុន Elbit Systems។

ជាក់ស្តែង កាលពីពាក់កណ្តាលខែមេសា ប្រទេសអាល្លឺម៉ង់បានធ្វើការចរចាដើម្បីបញ្ជាទិញប្រព័ន្ធការពារដែនអាកាសប្រភេទ Arrow 3 របស់អ៊ីស្រាអ៊ែល ខណៈដែលប្រទេសហ្វាំងឡង់បានធ្វើការបញ្ជាទិញមីស៊ីលនៃប្រព័ន្ធការពារដែនអាកាស David’s Sling ហើយចំណែកឯក្រិកបានធ្វើការបញ្ជាទិញមីស៊ីល និងដ្រូនជាច្រើនគ្រឿងរបស់អ៊ីស្រាអ៊ែលដូចគ្នា។

គួរឲ្យដឹងដែរថា ក្នុងពេលឱកាសកំពុងមានច្រើនខ្លាំងបែបនេះក្រុមហ៊ុនទាំង៣របស់អ៊ីស្រាអ៊ែលគឺបានរៀបចំការិយាតំណាងរបស់ខ្លួននៅក្នុងបណ្តាប្រទេសអឺរ៉ុបរួចរាល់ហើយដោយខ្លះមានទាំងការសហការជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុកជាច្រើនផងដែរ មានន័យថា ពួកគេនឹងអាចធ្វើការឆ្លើយតបបានភ្លាមៗចំពោះតំរូវការនិងការបញ្ជាទិញថ្មីៗណាមួយបាន៕

អត្ថបទទាក់ទង