Close

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីពោលថា អឺរ៉ុបគ្មានសមត្ថភាពដើម្បីទប់ទល់ចិនឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីពោលថា អឺរ៉ុបគ្មានសមត្ថភាពដើម្បីទប់ទល់ចិនឡើយ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីពោលថា អឺរ៉ុបគ្មានសមត្ថភាពដើម្បីទប់ទល់ចិនឡើយ

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីដ៏ល្បីរបស់ប្រទេសអ៊ីតាលី លោក Silvio Belusconi កាលពីពេលថ្មីៗនេះបានលើកឡើងថា អឺរ៉ុបនឹងមិនមានលទ្ធភាពនិងសមត្ថភាពក្នុងការប្រឆាំងចិនឡើយប្រសិនក្នុងករណីរដ្ឋាភិបាលក្រុងប៉េកាំងវាយប្រហារមកលើរដ្ឋសមាជិកណាមួយរបស់ខ្លួន។

អតីតនាយករដ្ឋមន្ត្រីរូបនេះបានព្រមានថាអឺរ៉ុបនឹងមិនអាចការពារខ្លួនឯងបានឡើយប្រសិនបើចិនសម្រេចចិត្តធ្វើការលុកលុយណាមួយមកលើសមាជិករបស់ខ្លួន ហើយលោកបានអំពាវនាវឲ្យតំបន់ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៊្រូស៊ែលនេះគួរតែចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រ និងបង្កើនការវិនិយោគឲ្យកាន់តែច្រើនបន្ថែមទៀតទៅលើវិស័យការពារជាតិ។

សេចក្តីថ្លែងការណ៍របស់លោក Berlusconi បានធ្វើឡើងនៅក្នុងអំឡុងពេលនៃការផ្តល់បទសំភាសតាមវិដេអូជាមួយនឹងក្រុមអ្នកកាសែត The Sky TG24 កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ខណៈដែលលោកបច្ចុប្បន្នកំពុងបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ Raffaele នាទីក្រុង Milan នៅឡើយដើម្បីព្យាបាលជំងឺចាស់ដែលធ្វើទុក្ខតាំងតែពីខែមេសា។

លោក Belusconi បានពោលបែបនេះថា ៖ អឺរ៉ុបនឹងលំបាកក្នុងការទប់ទល់កម្លាំងរបស់ចិនប្រសិនបើចិនចង់លុកលុយប្រទេសណាមួយក្នុងតំបន់ហើយបើមិនដូច្នេះទេរឿងចាំបាច់ដែលយើងត្រូវធ្វើនោះគឺនាំគ្នាចូលសាលារៀនដើម្បីរៀនប្រើប្រាស់ភាសាចិនបន្ថែមទៀតប៉ុណ្ណោះ។

ក្នុងនោះផងដែរ លោកក៏បានលើកឡើងពីយុទ្ធសាស្ត្រមួយចំនួនដើម្បីអាចបង្កើនសមត្ធភាពយោធារបស់ខ្លួនបានដូចជាការបង្កើនកងកម្លាំងទ័ពបន្ទាន់ ឬ Emergency Corps ប្រមាណជា៣០ម៉ឺននាក់បន្ថែមទៀត និងការអនុវត្តគោលនយោបាយយោធាតែមួយ (Single Military Policy) ឲ្យបានរឹងម៉ាំខ្លាំងឡើងជាងនេះជាដើម៕

អត្ថបទទាក់ទង