កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារកូរ៉េខាងត្បូង
(នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ)
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសកូរ៉េ បានដឹកនាំផ្នែកឯកជនជាង១០ក្រុមហ៊ុនចូលរួមពិពរ័ណ៍ទេសចរណ៍អន្តរជាតិ Seoul International Travel Fair 2023 ។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥) និងបន្តផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងកម្ពុជាជាគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុងសន្តិភាព» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេសកូរ៉េ។
តាមរយៈព្រឹត្តិការដ៏អស្ចារ្យខាងលើនេះនឹងមានការចូលរួមពីសំណាក់ប្រតិបត្តិករផ្នែកទេសចរណ៍កូរ៉េ អ្នកលក់ អ្នកទិញ អ្នកសារពត៌មានជាតិ និងអន្តរជាតិកូរ៉េ ប្រមាណ៥០០ក្រុមហ៊ុនមកពីបណ្តាប្រទេសក្នុងពិភពលោក។
លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានចូលរួមពិធីបើកក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ Seoul International Travel Fair និងចូលរួមជាអធិបតីក្នុងពិធី Cambodian Tourism Roadshow ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់លោកជំទាវ ជ្រឹង បុទុមរង្សីយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និង ឯកឧត្តម KIM HAE-YONG អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងលោក KIM MYOUNG CHUL ស្ថានតំណាងទេសចរណ៍កម្ពុជា ប្រចាំប្រទេសកូរ៉េ ។
គួរបញ្ជាក់ផងដែរថា យោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦ នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរកូរ៉េមានចំនួន៦៤,០៤០នាក់ មានការកើនឡើង ៩៥៤.៣% បើធៀបនឹងឆ្នាំ២០២១។
ដោយឡែកត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរកូរ៉េ ៥២,៥៧៨នាក់ មានការកើនឡើង ១១១៥.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះសបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរកូរ៉េប្រមាណ ៨ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣។