អង្គណាតូគ្រោងបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសជប៉ុន
បរទេស៖ យោងតាមរបាយការណ៍ចេញផ្សាយដោយកាសែតជប៉ុន Nikkei កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ប្រទេសជប៉ុន និងអង្គការណាតូកំពុងស្វែងរកឱកាសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀតទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេត។
នៅក្នុងរបាយការណ៍នោះផងដែរ Nikkei ក៏បានបញ្ជាក់ដែរថា អង្គការយោធាដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំមួយនេះក៏កំពុងមានបំណងក្នុងការរៀបចំការិយាល័យតំណាងរបស់ណាតូជាលើកដំបូងនៅក្នុងទីក្រុងតូក្យូផងដែរ ខណៈដែលការិយាល័យដូចគ្នានេះត្រូវបានរៀបចំនៅក្នុងប្រទេសអូស្ត្រាលី, ប្រទេសញូវស៊ីឡេន និងកូរ៉េខាងត្បូងរួចមកហើយ។
ទោះបីជាយ៉ាងណាក្តី ការិយាល័យសម្របសម្រួលថ្មីនេះកំពុងស្ថិតនៅក្នុងតំណាក់កាលចរចាគ្នានៅឡើយខណៈដែលសំណើរដំបូងត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងអគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg តាំងតែពីដើមឆ្នាំមកម្ល៉េះ។
រដ្ឋាភិបាលទីក្រុងតូក្យូក៏ត្រូវបានគេរាយការណ៍ថានឹងគ្រោងចុះហត្ថលេខាលើកម្មវិធីភាពជាដៃគូ ឬ Partnershi Program ជាមួយប្លុកយោធានេះ មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅប្រទេសលីទុយអានីក្នុងខែកក្កដានោះផងដែរ។
គួរឲ្យដឹងដែរថា តាមរយៈផែនការរៀបចំការិយាល័យតំណាងនេះជប៉ុន និងអង្គការណាតូ ត្រូវបានគេមើលឃើញថានឹងអាចបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការដោះស្រាយការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត សម្របសម្រួលគោលជំហរលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងដែលអាចផ្តល់ការរំខាន ព្រមទាំងការផ្លាស់ប្តូរការកំណត់ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតផងដែរ៕