Close

ពន្ធដារប្រមូលចំណូលបានជាង ១,៣ ពាន់លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ពន្ធដារប្រមូលចំណូលបានជាង ១,៣ ពាន់លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ពន្ធដារប្រមូលចំណូលបានជាង ១,៣ ពាន់លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣

ភ្នំពេញ ៖ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណជា ១ ៣៤៣,៩០ លានដុល្លារ ឬ១,៣ ពាន់លានដុល្លារ ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់នាយកដ្ឋានពន្ធដារ។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុង ខែមីនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៣ ២៥៨,០១ ប៊ីលានរៀល (ប្រមាណជា ៨០៤,៤៥ លានដុល្លារ) ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹង ចំណូលពន្ធ-អាករប្រចាំខែមីនា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ២១៧,៦៤ ប៊ីលានរៀល (ប្រមាណជា ៥៣,៧៤ លានដុល្លារ) ស្មើនឹង ៧,១៦%។

សរុបរយៈពេល ៣ ខែ ឆ្នាំ ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៥ ៤៤២ ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣,៩០ លានដុល្លារ) ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៣២៦,៩៧ ប៊ីលានរៀល (ប្រមាណជា ៨០,៧៣ លានដុល្លារ) ស្មើនឹង ៦,៣៩%។

ឯកឧត្តម គង់ វិបុល បានថ្លែងដូច្នេះថា ចំណូលប្រចាំខែមីនា ឆ្នាំ ២០២៣ និងជារួមសម្រាប់រយៈពេល ៣ ខែដើមឆ្នាំ ២០២៣ បានហក់ឡើងខ្ពស់ ដោយសារតែ ជារៀងរាល់ឆ្នាំ ខែមករា ដល់ខែមីនា គឺជារដូវនៃការប្រកាស និងបង់ប្រាក់ពន្ធចំណូលប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថារកបានចំណេញ ឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមក។

តោះជាយ៉ាងនេះក្តី ឯកឧត្តម បានឱ្យដឹងថា ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៣ ការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ហើយជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះ បាននិងបន្តយកលេសពីស្ថានភាពនៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេល ឬគេចវេះពីការបង់បំណុលពន្ធ។ ទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាត ឱ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវ ក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ផងដែរ។

ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងការងារចុះបញ្ជីសហគ្រាស បានកត់សម្គាល់ឃើញថា មានសហគ្រាសខ្លះបានចុះបញ្ជីជោគជ័យ ក៏ប៉ុន្តែត្រឹមមួយរយៈពេលខ្លីបានបាត់ខ្លួន ពីទីតាំងស្នើសុំចុះបញ្ជី ដែលនេះ អាចជាករណីផ្លាស់ប្តូរទីតាំង ដោយមិនមានការជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ ឬអាចជាករណីឈានទៅគេចវេះពន្ធ និង/ឬបង្កើតបណ្តាញនៃការ គេចវេះពន្ធជាលក្ខណៈប្រព័ន្ធ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារ គាំទ្រនិងជំរុញឱ្យសាខាពន្ធដារខេត្ត-ខណ្ឌ ដែលជាអង្គភាពគ្រប់គ្រងតាមដានការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធឱ្យបានគ្រប់ជ្រុងជ្រោយ៕

អត្ថបទទាក់ទង