Close

ឯកសារបែកធ្លាយរបស់ប៉ង់តាហ្គោនបង្ហាញពីរបាយការណ៍ដ៏សំងាត់មួយរបស់កាណាដា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ឯកសារបែកធ្លាយរបស់ប៉ង់តាហ្គោនបង្ហាញពីរបាយការណ៍ដ៏សំងាត់មួយរបស់កាណាដា ឯកសារបែកធ្លាយរបស់ប៉ង់តាហ្គោនបង្ហាញពីរបាយការណ៍ដ៏សំងាត់មួយរបស់កាណាដា

បរទេស៖ ឯកសារបែកធ្លាយរបស់មន្ទីរប៉ង់តាហ្គោនតាំងតែពីខែមីនាដែលមានប្រមាណជា១០០ឯកសារនៅតែបន្តផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានបរទេសជាច្រើននៅឡើយមកទល់ពេលនេះ។

គួរឲ្យចាប់អារម្មណ៍ខ្លាំងមួយទៀតចំពោះឯកសារសំងាត់ដែលបានបែកធ្លាយ និងត្រូវយកមកចេញផ្សាយដោយកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញនេះបានបង្ហាញអំពីអាថ៌កំបាំងដ៏សំខាន់មួយទៀតដែលកាណាដាក្នុងនាមជាសមាជិករបស់អង្គការណាតូនោះគឺមិនដែលបានធ្វើការចំណាយយោធាជូនអង្គការតាមគោលការណ៍២ភាគរយនៃGDP របស់ខ្លួននោះទេ។

នៅក្នុងឯកសារសំងាត់បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្លែងប្រាប់ទៅកាន់មន្ត្រីអង្គការណាតូដោយលាក់ការណ៍ថាប្រទេសរបស់លោកនឹងមិនចំណាយយោធាទៅតាមផែនការរបស់ណាតូឡើយ ហើយឯកសារនេះក៏បានបញ្ជាក់ទៀតថា អស់រយៈពេលជិត៣០ឆ្នាំមកហើយរដ្ឋាភិបាលទីក្រុងអូតាវ៉ាមិនដែលបានចំណាយយោធាជូនអង្គការណាតូលើសពី១,៤ភាគរយនៃ GDP ឡើយ ខណៈដែលសមាជិកជាច្រើនផ្សេងទៀតបានបំពេញតាមកាតព្វកិច្ច២ភាគរយក្តី។

ឯកសារបែកធ្លាយក៏បានសរសេររៀបរាប់ផងដែរអំពីការរិះគន់របស់អាមេរិកចំពោះការគេចវេសមិនព្រមចំណាយតាមគោលការណ៍របស់កាណាដាផងដោយបារម្ភថា វានឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពការពាររបស់កាណាដាក្នុងពេលដែលណាតូបែរជាកំពុងរឹតបន្តឹងគោលការណ៍ចំណាយជាមួយនឹងសមាជិកផ្សេងទៅវិញនោះ។

ប៉ង់តាហ្គោនបានអង្កេតឃើញថា បច្ចុប្បន្នរថក្រោះរបស់កាណាដាប្រភេទ Leopard 2 ចំនួន៨៩គ្រឿងដែលកំពុងត្រូវការចំណាយសម្រាប់ជួលជុល និងថែទាំដោយក្នុងនោះមានកងពលមួយរបស់កាណាដាដែលមានរថក្រោះប្រភេទនេះចំនួន៤០គ្រឿងតែរថក្រោះដែលអាចប្រតិបត្តិការបានមានចំនួនត្រឹមតែ៩គ្រឿងប៉ុណ្ណោះ ហើយសរុបរថក្រោះទាំងអស់របស់កាណាដាមានតែពាក់កណ្តាលប៉ុណ្ណោះដែលអាចត្រៀមខ្លួនដើម្បីចេញប្រតិបត្តិការបានភ្លាមៗ។

ទោះបីជាយ៉ាងណាក្តី កាលពីដើមឆ្នាំកន្លងមកនេះកាណាដាទើបតែបានប្រកាសចំណាយថវិកាយោធាប្រមាណទៅដល់១៩ពាន់លានដុល្លារដើម្បីបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន៨៨គ្រឿង ហើយក៏បានប្រកាសអំពីផែនការបង្កើនការចំណាយយោធារបស់ខ្លួនឲ្យកើនឡើងដល់ទៅ៧០ភាគរយផងដែរនៅត្រឹមឆ្នាំ២០២៦ខាងមុខនេះ៕

អត្ថបទទាក់ទង