Close

ច្បាស់ហើយ ! បុរសស្លៀកពាក់ស៊ីវិលម្នាក់ចេញកាក់រថយន្តយកលុយកាលពីយប់ថ្ងៃទី១២ ខែមេសា មិនមែនជាសមត្ថកិច្ចនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ច្បាស់ហើយ ! បុរសស្លៀកពាក់ស៊ីវិលម្នាក់ចេញកាក់រថយន្តយកលុយកាលពីយប់ថ្ងៃទី១២ ខែមេសា មិនមែនជាសមត្ថកិច្ចនោះទេ ច្បាស់ហើយ ! បុរសស្លៀកពាក់ស៊ីវិលម្នាក់ចេញកាក់រថយន្តយកលុយកាលពីយប់ថ្ងៃទី១២ ខែមេសា មិនមែនជាសមត្ថកិច្ចនោះទេ

ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មុនពេលប្រារព្វពិធីបុណ្យចូលសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គេឃើញមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងករណីបុរសម្នាក់ស្លៀកពាក់ស៊ីវិល ចេញកាក់រថយន្តយកលុយនៅម្តុំស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះនៅលើបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ដើម្បីរកមុខជនស៊ីវិលនេះ រហូតដល់ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញនៅម្តុំស្ពានស្ទឹងមានជ័យ ហើយបានហៅបុរសម្នាក់នេះមកសាកសួរ និងបំភ្លឺ លើករណីចេញយកលុយឡាននៅពេលយប់។

នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើរូបនេះបានបញ្ជាក់ថា ខ្លួនមានឈ្មោះ សុខ សុបុណ្យ អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រចាំនៅម្តុំស្ពានស្ទឹងមានជ័យ ពិតជាបានចេញកាក់រថយន្តតាមផ្លូវ ដើម្បីយកលុយកាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០ : ២២ នាទី ពិតប្រាកដមែន។

តាមការបញ្ជាក់របស់បុរសម្នាក់នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ២២ នាទីយប់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តាយផ្លូវមុន្នីរ៉េត ដោយឃើញសភាពស្ងាត់ មិនមានសមត្ថកិច្ចនៅគោលដៅ ម្យ៉ាងទៀតរត់ម៉ូតូមិនមានភ្ញៀវសោះ រហូតដល់កណ្តាលយប់ ទើបគាត់ឆ្លៀតឱកាសចេញមកជាមួយដំបងបំភ្លឺផ្លូវ ដើម្បីហៅរថយន្ត គ្រាន់បានថវិកាបន្តិចបន្តួច ដើម្បីផ្ញើជូនទៅម្តាយចាស់ជារាដែលមានអាយុ ៨៤ឆ្នាំ នៅឯខេត្តមុនចូលឆ្នាំ ។

ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បុរសដែលមានឈ្មោះ សុខ សុបុណ្យ រូបនេះបានសារភាព និងទទួលកំហុសថាខ្លួនពិតជាបានប្រព្រឹត្តទង្វើដូចបានលើកឡើងខាងលើមែន ហើយក៏បានធ្វើការសុំទោសជាសារណៈក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះកំហុសខុសឆ្គងរបស់ខ្លួននេះ។ ការចេញយកលុយឡាននេះ មិនមានពាក់ព័ន្ធជាមួយមន្ត្រីគោលដៅឡើយ គាត់ធ្វើដោយខ្លួនឯង ដោយសារតែមិនមានភ្ញៀវដឹក ម្យ៉ាងទៀតខ្វះខាតផ្នែកជីវភាព និងចង់បានថវិកាខ្លះផ្ញើជូនម្តាយចាស់មុនចូលឆ្នាំក។

លោកបានបន្តទៀតថា ក្រោយការសាកសួរបញ្ជាក់ពីគោលបំណង់ និងទង្វើប្រាស់ចាកពីច្បាប់បែបនេះ ហើយសមត្ថកិច្ចជំនាញក៏បានធ្វើការណែនាំ និងឱ្យបុរសម្នាក់នេះចុះកិច្ចសន្យាជៀសវាងការអនុវត្តសកម្មភាពខ្វះសីលធម៌ និងប៉ះពាល់ដល់មន្ត្រីជំនាញនៅតាមគោលដៅដែលព្យាយាមបំពេញភារកិច្ចយ៉ាងត្រឹមត្រូវដើម្បីសុវត្ថិភាពប្រជាពលរដ្ឋទូទៅនៅទូទាំងរាជធានីភ្នំពេញ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ត្រី សាន សុខសីហា ក៏បានណែនាំដល់កម្លាំងជំនាញគ្រប់គោលដៅទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសមានការផ្លាស់វេណគ្នា ដើម្បីរឹតបណ្តឹងការអនុវត្តច្បាប់ ហើយបើមានករណីដូចដែលកើតមានខាងលើនេះ ត្រូវធ្វើការស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាបន្ទាន់ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់កិត្តិយសមន្ត្រីចរាចរណ៍ផ្លូវគោក ៕

អត្ថបទទាក់ទង