ក្រិកប្រកាសទិញមីស៊ីលប្រឆាំងរថក្រោះ Spike missileជាង៤០០លានដុល្លារពីអ៊ីស្រាអ៊ែល
បរទេស ៖ កាលពីថ្ងៃម្សិលមិញនេះ ប្រទេសក្រិកត្រូវបាន The Defense News ចេញផ្សាយថា បានអនុម័តកញ្ចប់ថវិកាប្រមាណ ៤០៣ លានដុល្លារ ដើម្បីបញ្ជាទិញយកមីស៊ីលប្រឆាំងរថក្រោះទំនើបបំផុតមួយរបស់អ៊ីស្រាអ៊ែល។
ក្នុងពិធីចុះហត្ថលេខាដែលត្រូវបានធ្វើឡើងរវាងតំណាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីអាចបញ្ជាទិញមីស៊ីលប្រភេទ Spike missile ដែលអ៊ីស្រាអ៊ែលជាអ្នកផលិត ហើយមកទល់ពេលនេះ មីស៊ីលប្រភេទនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាមួយនឹងអតិថិជនរបស់ខ្លួនប្រមាណជា ៣៩ ប្រទេស និងក្នុងចំនួនដែលត្រូវបានលក់ចេញជាង ៣០ ម៉ឺនគ្រាប់មកហើយ។
Spike missile មានស៊េរីច្រើនបូករួមទាំងបច្ចេកវិទ្យា Electro-Optical ផង ហើយសមត្ថភាពរបស់វាអាចត្រូវបានយកទៅប្រើប្រាស់ជាមួយនឹងឧបករណ៍សម្រាប់បាញ់ចេញជាច្រើនប្រភេទយ៉ាងងាយស្រួលបំផុត។ វាមានទំងន់ជាទូទៅប្រហែលជា ២ គីឡូទៅដល់ជិត ៣ គីឡូក្រាមក្នុងមួយគ្រាប់ ហើយតម្លៃរបស់វាអាចមានចាប់ពី ៥០០០ ដុល្លារក្នុងមួយគ្រាប់ឡើងទៅផងដែរ។
គួរឲ្យដឹងដែរថា មិនដល់មួយសប្តាហ៍ផងអ៊ីស្រាអ៊ែលអាចលក់អាវុធឲ្យអតិថិជនរបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណជាជិត ១ ពាន់លានដុល្លារទៅហើយបូករួមទាំងក្រិកនៅសប្តាហ៍នេះផង។
កាលពីសប្តាហ៍មុន ប្រទេសហ្វាំងឡង់បានប្រកាសទិញយកប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអ៊ែល ដែលមានឈ្មោះថា David’s Sling ដែលគិតជាទឹកប្រាក់មានប្រមាណជា ៣៤៥ លានដុល្លារ ដែលវាគឺជាបច្ចេកវិទ្យាអាវុធការពារអាកាសចុងក្រោយបំផុតរបស់អ៊ីស្រាអ៊ែល ក្រោមកិច្ចសហការអភិវឌ្ឍជាមួយនឹងក្រុមហ៊ុនអាមេរិក៕