កម្ពុជា – ឆេក សហការគ្នាផ្ទេរបច្ចេកវិទ្យាមេកានិក និងថាមពលបម្រើដល់វិស័យកសិកម្ម
ក្នុងគោលដៅគាំទ្រ និងជំរុញការធ្វើពិពិធកម្មអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់មានភាពល្អប្រសើរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់កម្ពុជា បានសហការគ្នាជាមួយសាធារណរដ្ឋឆេកលើការផ្ទេរបច្ចេកវិទ្យាមេកានិក និងថាមពល រួមជាមួយនឹងការបណ្តុះបណ្ដាលដល់មន្ត្រីជំនាញដែលពាក់ព័ន្ធដើម្បីផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករយល់ដឹងកាន់តែច្បាស់ពីបច្ចេកទេសដាំដុះដែលមានប្រសិទ្ធភាពខ្ពស់។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Martin_ V’ara ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជានារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការសាទរចំពោះការងារ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឆេក កន្លងមក ព្រមទាំងបានបង្ហាញនូវជំហរ ស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតលើការផ្ទេរបច្ចេកវិទ្យាមេកានិច និងថាមពល ជាពិសេសទទួលបានតម្លៃបន្ថែមលើផលិតផលកសិកម្ម ខណៈដែលកម្ពុជាត្រូវការនាំចេញផលិតផលកសិកម្មជាច្រើនបន្ថែមទៀត ដែលទាមទារឱ្យមានការសម្របសម្រួលជំរុញពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ទីផ្សារគឺជាអាទិភាពដែលភាគីទាំងពីរត្រូវពិភាក្សាគ្នា ការផ្ទេរបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម គ្រឿងម៉ាស៊ីនមានគុណភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មឱ្យមានគុណភាពរួមទាំងគ្រូបណ្តុះបណ្តាល និងវិស្វករ។
ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើភាគីឆេក ធ្វើការបញ្ជូនគ្រូមកកម្ពុជាទាំងផ្នែកបច្ចេកទេស និងភាសាអង់គ្លេស ព្រោះគ្រូម្នាក់អាចជួយបណ្តុះបណ្តាលធនធានមនុស្សបានច្រើននាក់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ លើសពីនេះទៀត ឯកឧត្តម បានស្នើឱ្យមានការជួបពិភាក្សាជាមួយដៃគូអភិវឌ្ឍ ដើម្បីចែករំលែកអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា។ ក្រសួងកសិកម្មស្វាគមន៍ដៃគូអភិវឌ្ឍនានានៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
សូមជម្រាបថា គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សា និងកិច្ចសហប្រតិបត្តិការជួយកម្ពុជាលើវារីវប្បកម្មទឹកសាប និងសមុទ្រ(Carpfish) កសិកម្មពិសេសដំណាំកៅស៊ូ និងអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង)កម្រិតអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសឆេក៕