អតីតប្រធានាធិបតីអាមេរិកមួយរូបសោកស្តាយមិនបានឲ្យអ៊ុយក្រែនរក្សាទុកគ្រាប់នុយក្លេអ៊ែរ
បរទេស ៖ កាលពីថ្ងៃម្សិលមិញនេះ អតីប្រធានាធិបតីអាមេរិកម្នាក់បានបង្ហាញអំពីភាពសោកស្តាយរបស់លោកចំពោះការសម្រេចចិត្តកាលពីអតីតកាលដែលមិនបានអនុញ្ញាតឲ្យអ៊ុយក្រែនក្នុងការរក្សាទុកគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ខ្លួន។
អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានធ្វើការរំលឹកឡើងវិញអំពីការសម្រេចចិត្តរបស់លោកកាលពីពេលនៅដឹកនាំអំណាចហើយសារភាពថា វាគឺជាកំហុសឆ្គងមួយរបស់ខ្លួនដែលនាំឲ្យកើតមានជាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។
ថ្លែងទៅកាន់សារព័ត៌មានរបស់បរទេស លោក Clinton បានសារភាពថា លោកពិតជាមានភាពសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោកក្នុងការបង្ខំរដ្ឋាភិបាលទីក្រុងគៀវឲ្យដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរនិងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងសន្ធិសញ្ញាមួយកាលពីឆ្នាំ១៩៩៤ដែលគ្រានោះមានទាំងសហភាពសូវៀតផងជាម្ចាស់ហត្ថលេខី។
លោក Clinton បានពោលថា៖ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះ ពីព្រោះថាខ្ញុំគឺជាអ្នកបង្ខំពួកគេឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ។មកដល៉ពេលនេះគ្មានអ្នកណាម្នាក់ជឿទេថាប្រសិនបើអ៊ុយក្រែនពេលនេះនៅមានគ្រាប់នុយក្លេអ៊ែរប្រហែលជារុស្សីនឹងមិនហ៊ានលុកលុយទីក្រុងគៀវដូចបច្ចុប្បន្ននេះឡើយ។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងកាលពីខែមករាឆ្នាំ១៩៩៤ ដែលគ្រានោះមានវត្តមានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក Bill Clinton និងអតីតប្រធានាធិបតីសហភាពសូវៀតលោក Boris Yeltsin ព្រមទាំងមេដឹកនាំអ៊ុយក្រែន Leonid Kravchuk ផងដែរក្នុងការលប់ចោលកម្មវិធីអភិវឌ្ឍនិងផលិតគ្រាប់នុយក្លេអ៊ែររបស់អ៊ុយក្រែនចោលទាំងស្រុង៕