Close

មេដឹកនាំបារាំង​ ធ្វើដំណើរ​ទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន​ ជាមួយគោលបំណងធំៗពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មេដឹកនាំបារាំង​ ធ្វើដំណើរ​ទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន​ ជាមួយគោលបំណងធំៗពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន មេដឹកនាំបារាំង​ ធ្វើដំណើរ​ទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន​ ជាមួយគោលបំណងធំៗពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន

បរទេស​ ៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន Xi Jinping លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃនៅប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសាខាងមុខនេះ។

ដំណើរទស្សនកិច្ចដែលនឹងធ្វើឡើងនៅក្នុងពេលដែលលោក Xi ទើបតែបញ្ចប់ទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសរុស្ស៊ី​ ជាពិសេសនៅក្នុងពេលជម្លោះនៅអ៊ុយក្រែនកំពុងពោរពេញទៅដោយភាពតានតឹងនៃការប្រឈមមុខដាក់គ្នានៃអាវុធប្រល័យលោកដោយរុស្ស៊ី​ប្រកាសថានឹងដាក់បញ្ឈរជើងគ្រាប់ក្បាលនុយក្លេអ៊ែរប្រភេទតាក់ទិច ឬ Tactical Nuclear នៅប្រទេសបេឡារូស​ ចំណែកឯអ៊ុយក្រែនក៏កំពុងស្វែងរកការគាំទ្រក្នុងការទទួលយកក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកវិញផងដែរជាការឆ្លើយតប។

មានការយល់ឃើញខុសគ្នាមួយចំនួនចំពោះដំណើរទស្សនកិច្ចលើកនេះដោយក្នុងនោះតាមរយៈការចេញផ្សាយរបស់ The Politico បាន​លើកឡើង​ថា​ ដំណើរទស្សនកិច្ចដែលពោរពេញទៅដោយបំណងដ៏ស៊ីជម្រៅមួយរបស់លោក Macron ផ្តោតសំខាន់ទៅលើការបញ្ចុះបញ្ចូលរដ្ឋាភិបាលប៉េកាំងឲ្យខិតឆ្ងាយបន្តិចពីរដ្ឋាភិបាលទីក្រុងមូស្គូចំពោះមុខជម្លោះដ៏ដុនដាបមួយនេះ។

ប្រភពដដែលបានបន្តថា​ ប្រទេសបារាំងសង្ឃឹមថានឹងអាចរារាំងមេដឹកនាំចិន Xi Jinping ពីការទទួលយកភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ី​ លោក Vladimir Putin ហើយចង់ឱ្យចិនជំនួសមកវិញនូវតួនាទីសម្របសម្រួលជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនច្បាស់នៅឡើយទេថា ឥទ្ធិពលរបស់ Macron មានកម្រិតណា ហើយផ្នែកខាងក្រោយនៃការធ្វើដំណើរទស្សនកិច្ចរយៈពេល​ ៣ថ្ងៃរបស់គាត់ដែលចាប់ផ្តើមពីថ្ងៃទី៥ ខែមេសា​នឹងទទួលបាលលទ្ធផលបែបណានោះទេ។

ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ​ ទោះបីជាអឺរ៉ុបកំពុង​បន្តដកខ្លួនចេញពី​ឥទ្ធិពល​នៃប្រេង​ និងថាមពលរបស់រុស្ស៊ី​ និង​ការ​កាត់ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ីក្តី ប៉ុន្តែ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយបែរជា​កំពុង​កើនឡើង​រវាង​ចិន និង​អាមេរិក ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​របស់​ពិភពលោកទៅវិញ។ ដោយឡែកសម្រាប់សេតវិមានវិញគេជឿជាក់ថានឹងមានការរំពឹងទុកតិចតួចបំផុតពីកិច្ចប្រជុំនេះ។

ក្នុងពេលជាមួយគ្នានេះ​ បារាំងបានដាក់ក្តីសង្ឃឹមថាពេលវេលាដែលលោក Macron ចំណាយដោយផ្ទាល់ជាមួយលោក Xi នឹងជួយដោះស្រាយបញ្ហាចំពោះមុខសំខាន់ៗមួយចំនួន​ ដូចជាការយកឈ្នះការគាំទ្ររបស់ចិនលើបញ្ហាដូចជាការបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន ឬការបញ្ឈប់ការផ្ទេរកុមារអ៊ុយក្រែនខុសច្បាប់ជាដើម។

គួរឲ្យដឹងដែរថា​ តាមផែនការប្រធានាធិបតីបារាំងនឹងចំណាយពេលយ៉ាងហោចណាស់ពី​ ៦ទៅ៧ម៉ោងដើម្បីពិភាក្សាជាមួយនឹងលោក Xi ហើយវាក្លាយទៅជាជំនួបរបស់ប្រធានាធិបតីបារាំងលើកដំបូងដែលបានបំពេញទស្សនកិច្ចទៅកាន់ខេត្ត Guangzhou គិតចាប់តាំងតែពីពេលដែលមេដឹកនាំចិននៅជាឪពុករបស់លោក Xi មកម្ល៉េះ៕

អត្ថបទទាក់ទង