Close

ធនាគារ ABA ក្លាយជាអ្នកវិនិយោគចម្បង លើសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
ធនាគារ ABA ក្លាយជាអ្នកវិនិយោគចម្បង លើសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ធនាគារ ABA ក្លាយជាអ្នកវិនិយោគចម្បង លើសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា

ភ្នំពេញ៖ ធនាគារ ABA បានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលបោះផ្សាយដោយក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ (Daun Penh Agrico)។ ការវិនិយោគនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារក្នុងការគាំទ្រវិស័យយុទ្ធសាស្ដ្រសំខាន់ៗដែលចាំបាច់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

ការវិនិយោគនេះ នឹងផ្តល់ហិរញ្ញប្បទានដល់ការពង្រីកផ្ទៃដីដាំដុះ និងហេដ្ឋារចនាសម្ពន្ធកែច្នៃ សម្រាប់ដំណាំហូបផ្លែរួមមាន ផ្លែចេក ម្នាស់ និងស្វាយ ក្នុងខេត្តរតនគីរី ដែលជាតំបន់សក្ដានុពលផ្នែកកសិកម្មដ៏សំខាន់មួយរបស់កម្ពុជានៅភាគឦសាន។ គម្រោងនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពនាំចេញ ពង្រឹងខ្សែសង្វាក់កសិកម្មជាតិ និងបង្កើតឱកាសការងារជូនប្រជាសហគមក្នុងមូលដ្ឋាន។

ការរួមចំណែករបស់ធនាគារ ABA គូសបញ្ជាក់ពីគោលបំណងរបស់ខ្លួន ដើម្បីក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទានមានរចនាសម្ពន្ធច្បាស់លាស់ និងដំណោះស្រាយទីផ្សារមូលធន ដោយផ្តល់មូលនិធិរយៈពេលវែងដល់គម្រោងដែលបង្កើតផលចំណេញប្រកបដោយចីរភាព ស្របជាមួយ នឹងវិស័យអាទិភាពសម្រាប់វឌ្ឍនភាពជាតិ។

ធនាគារ ABA ក្លាយជាអ្នកវិនិយោគចម្បង លើសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា

ដូនពេញ អាហ្គ្រីកូ គឺជាបុត្រសម្ពន្ធគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Truong Hai Agriculture Joint Stock Company (THACO AGRI) ដែលជាក្រុមហ៊ុនកសិកម្មរបស់ Truong Hai Group Corporation (THACO) ជាក្រុមហ៊ុនចម្រុះឈានមុខគេមួយនៅក្នុងតំបន់។ ការបោះផ្សាយសញ្ញាបណ្ណដោយជោគជ័យ នេះ ឆ្លុះបញ្ចាំងពីដំណើរវឌ្ឍនភាពជាបន្ដបន្ទាប់នៃវិស័យកសិកម្មកម្ពុជា ឆ្ពោះទៅកាន់ឧស្សាហកម្មដែលមានរចនាសម្ពន្ធច្បាស់លាស់ ទំនើបកម្ម អាចពង្រីកវិសាលភាព និងត្រៀមរួចរាល់សម្រាប់ការវិនិយោគ ដែលអាចទាក់ទាញមូលធនពីស្ថាប័ននានា។

លោក Zhiger Atchabarov នាយកប្រតិបត្តិការ និងជានាយករងប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ការវិនិយោគនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយូអង្វែងរបស់ ធនាគារ ABA ក្នុងការគាំទ្រវិស័យនានាដែលបង្កើតផលចំណេញ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ច។ តាមរយៈការពង្រីកវិសាលភាពចូលទៅក្នុងហិរញ្ញប្បទានគម្រោង មានរចនាសម្ពន្ធច្បាស់លាស់ យើងខ្ញុំ មានគោលបំណង ជំរុញសក្តានុពលនាំចេញរបស់កម្ពុជា ជួយបង្កើតការងារ និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធន។”

ឈរលើសមិទ្ធផលដ៏សំខាន់នេះ ធនាគារ ABA នឹងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំជានិច្ច ក្នុងការគាំទ្រដល់គម្រោងបោះផ្សាយសញ្ញាបណ្ណផ្សេងៗទៀតនាពេលខាងមុខ និងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទានមានរចនាសម្ពន្ធរាប់លានដុល្លារ ទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។

ធនាគារ ABA ត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ដៃគូសហការជាមួយអាជីវកម្មដែលកំពុងស្វែងរកការពង្រីក ស្ថិរភាព និងវិនិយោគរយៈពេលវែង ដោយពង្រឹងតួនាទីរបស់ខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត ដែលគាំទ្រវិស័យសេដ្ឋកិច្ចពិត និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕

ធនាគារ ABA ក្លាយជាអ្នកវិនិយោគចម្បង លើសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា