Close

លោក Trump ប្រកាសដំឡើងពន្ធលើការនាំចូលមុខទំនិញពីកូរ៉េខាងត្បូងដល់ ២៥%

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ប្រកាសដំឡើងពន្ធលើការនាំចូលមុខទំនិញពីកូរ៉េខាងត្បូងដល់ ២៥% លោក Trump ប្រកាសដំឡើងពន្ធលើការនាំចូលមុខទំនិញពីកូរ៉េខាងត្បូងដល់ ២៥%

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកូរ៉េខាងត្បូងពី ១៥% ទៅ ២៥%។

បើតាមកាចុះផ្សាយរបស់ BBC ការសម្រេចចិត្តតម្លើងពន្ធនេះធ្វើឡើងបន្ទាប់ពីលោកបានចោទប្រកាន់ថា រដ្ឋសភារបស់ទីក្រុងសេអ៊ូលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម លោក Trump បានរិះគន់ថា ខណៈពេលដែលសហរដ្ឋអាមេរិកបានធ្វើសកម្មភាពក្នុងការកាត់បន្ថយពន្ធតាមកិច្ចព្រមព្រៀង ប៉ុន្តែភាគីកូរ៉េខាងត្បូងបែរជាមានភាពយឺតយ៉ាវក្នុងការអនុម័តច្បាប់គាំទ្រកិច្ចព្រមព្រៀងនេះទៅវិញ។

លោកបានបញ្ជាក់ថា៖ «រដ្ឋសភាកូរ៉េខាងត្បូងមិនបានរស់នៅស្របតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនោះទេ»។
មុខទំនិញសំខាន់ៗដែលនឹងត្រូវរងផលប៉ះពាល់រួមមាន៖ រថយន្ត និងគ្រឿងបន្លាស់, ឈើ និងផលិតផលសំណង់ ,ផលិតផលឱសថ និងទំនិញផ្សេងៗទៀតដែលស្ថិតក្នុងបញ្ជីពន្ធទៅវិញទៅមក (Reciprocal Tariffs)។

ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្តែងការភ្ញាក់ផ្អើល ដោយបញ្ជាក់ថាខ្លួនមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការណាមួយពីសេតវិមាននៅឡើយ។ បច្ចុប្បន្ន រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក Kim Jung-kwan កំពុងត្រៀមធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជាបន្ទាន់ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ដើម្បីដោះស្រាយបញ្ហានេះ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៥ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដែលកូរ៉េខាងត្បូងសន្យាវិនិយោគទឹកប្រាក់ ៣៥០ ពាន់លានដុល្លារ នៅអាមេរិក ជាថ្នូរនឹងការរក្សាពន្ធត្រឹម ១៥%។ ប៉ុន្តែកិច្ចព្រមព្រៀងនេះកំពុងស្ថិតក្នុងការពិនិត្យដោយរដ្ឋសភាកូរ៉េខាងត្បូង ដែលរំពឹងថានឹងអនុម័តនៅខែកុម្ភៈខាងមុខ។

ការប្រើប្រាស់ពន្ធគយជាឧបករណ៍អានុភាព (Leverage) បានក្លាយជាយុទ្ធសាស្ត្រចម្បងរបស់លោក Trump ក្នុងអាណត្តិទីពីរនេះ។ ក្រៅពីកូរ៉េខាងត្បូង លោកក៏បានប្រើវិធានការស្រដៀងគ្នានេះលើប្រទេសកាណាដា និងសម្ព័ន្ធមិត្តមួយចំនួនទៀត ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយការបរទេសរបស់អាមេរិក រួមទាំងបញ្ហាកោះ Greenland ផងដែរ៕

https://www.bbc.com/news/articles/cwyw3ynwe37o