Close

ក្រសួងសាធារណការពន្យល់ពីការប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ (កាតគ្រី) ថ្មី

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងសាធារណការពន្យល់ពីការប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ (កាតគ្រី) ថ្មី ក្រសួងសាធារណការពន្យល់ពីការប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ (កាតគ្រី) ថ្មី

ភ្នំពេញ៖ តើមានហេតុផល និងភាពចាំបាច់អ្វី ទើបក្រសួងសាធារណការ និងដឹកជញ្ជូនចាំបាច់ប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ (កាតគ្រី) ថ្មី? ខាងក្រោមនេះ គឺជាការពន្យល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងជំនាញ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលបានខិតខំរិះរកវិធីសាស្រ្តធ្វើយ៉ាងណាឱ្យការងារគ្រប់គ្រងយានជំនិះ ធានាបានភាពរឹងមាំ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ នៅកម្ពុជា ជាពិសេសទប់ស្កាត់អំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗក្នុងចេតនាទុច្ចរឹត។

ក្រសួងសាធារណការពន្យល់ពីការប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ(កាតគ្រី) ថ្មី

ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានធ្វើទំនើបកម្មទាំងប្រព័ន្ធចុះបញ្ជី ក៏ដូចជាការចេញបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ ដោយមានបំពាក់ QR Code បន្ថែមទៀតដើម្បីកាត់បន្ថយការក្លែងបន្លំ និងងាយស្រួលដល់ការផ្ទៀងផ្ទាត់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចអនុវត្តច្បាប់។

ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើននៃបច្ចេកវិទ្យា ជនខិលខូច តែងរិះរកវិធីសាស្រ្តក្លែងបន្លំ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះក្រសួងបានដាក់ចេញនូវវិធានការសុវត្ថិភាពបន្ថែមទៀតដោយបានធ្វើទំនើបកម្មបណ្ណសម្គាល់ប្រភេទថ្មីនេះ ដោយមានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណងាយស្រួលក្នុងការពិនិត្យភាពត្រឹមត្រូវ និងមានការបែងចែកពណ៌បណ្ណរវាងទោចក្រយានយន្ត និងរថយន្តផងដែរ។

ក្រសួងសាធារណការពន្យល់ពីការប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ(កាតគ្រី) ថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរចនាលក្ខណៈពិសេសមួយចំនួន ដោយមិនអាចមើលបានដោយភែ្នកទទេបានឡើយ ហើយបានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណ ដើម្បីការពារការក្លែងបន្លំ។ កន្លងមកក្រសួងក៏បានដាក់ចេញនូវកម្មវិធីតាមទូរស័ព្ទដៃ app «Vehicle Info» សម្រាប់មន្រ្តីនគរបាលមានសមត្ថកិច្ច ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យយានជំនិះក្នុងការអនុវត្តច្បាប់ផងដែរ។

ដូចក្នុងសេចក្តីប្រកាសការចេញបណ្ណសម្គាល់ថ្មី គឺសម្រាប់ការចុះបញ្ជីយានជំនិះថ្មី ដោយចាប់អនុវត្តពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តទៅ។ ចំពោះបណ្ណចាស់បងប្អូននៅបន្តប្រើប្រាស់បានធម្មតា។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់បានបណ្ណប្រភេទថ្មី បងប្អុនអាចដាក់ពាក្យស្នើសុំប្តូរនៅតាមទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរៀងរាល់ម៉ោងបំពេញការងារ៕

ក្រសួងសាធារណការពន្យល់ពីការប្តូរឱ្យមានបណ្ណសម្គាល់យានជំនិះ(កាតគ្រី) ថ្មី